ប្រធានាធិបតីអាមេរិក លោក Joe Biden មានបំណងយកពន្ធ «សម្ព័ន្ធភាពអាពាហ៍ពិពាហ៍» បន្ថែមទៀត ពីគ្រួសារមហាសេដ្ឋីលំដាប់កំពូលៗរបស់ប្រទេសនេះ ធ្វើឱ្យគេសង្ស័យថា ការលែងលះរបស់ប្ដី-ប្រពន្ធ Bill Gates គឺជាការ «គេចពន្ធ»។
យោងតាមសារព័ត៌មាន CNBC គ្រូសារមហាសេដ្ឋីនានានៅសហរដ្ឋអាមេរិក អាចត្រូវបង់ពន្ធ «ធ្ងន់ធ្ងរ» ជាងមុន បើធៀបនឹងមហាសេដ្ឋីដែលមិនមានប្ដី ឬប្រពន្ធ ព្រោះតែគម្រោងយកពន្ធថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden។
ការប្រកាសនានាក្នុងគ្រាដំបូងបានបង្ហាញថា លោក Joe Biden មានបំណងបង្កើនអត្រាពន្ធទៅលើបុគ្គលដែលមានប្រាក់ចំណូលច្រើនជាង 452,700ដុល្លារ និងប្ដី-ប្រពន្ធដែលមានចំណូលខ្ពស់ជាង 509,300ដុល្លារ ដើម្បីមានប្រាក់គ្រប់គ្រាន់សម្រាប់គាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹង Covid-19 ក៏ដូចជាសង្គ្រោះសេដ្ឋកិច្ច។ នៅមានទៀត ប្រធានាធិបតី Biden អាចនឹងយកពន្ធបន្ថែមច្រើនជាងនេះ សម្រាប់គ្រួសារដែលមានប្ដី និងប្រពន្ធជាអ្នកមានដូចគ្នា។
ប្រការនេះមានន័យថា អត្រាពន្ធដែលគេហៅថា «ពន្ធសម្ព័ន្ធភាពអាពាហ៍ពិពាហ៍» (The Marriage Penalty) នឹងត្រូវបានអនុវត្តលើគ្រួសារអ្នកមាន ដោយពួកគេត្រូវបង់ពន្ធលើប្រាក់ចំណូលបុគ្គល ទាបជាងពន្ធលើប្រាក់ចំណូលរួមរបស់គ្រួសារ។ ការកំណត់នេះ អាចនាំឱ្យគ្រួសារមហាសេដ្ឋីមួយចំនួន គិតដល់ការលែងលះ ដើម្បីគេចពន្ធ ព្រះថា ពួកគេនឹងត្រូវបង់ពន្ធច្រើនជាងមុន បើសិននៅតែរក្សាសម្ព័ន្ធភាពជាប្ដី-ប្រពន្ធនៅលើក្រដាស។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុ Sabina Smailhodzic មកពីក្រុមហ៊ុន Avan Garde Wealth ឯកទេសខាងរៀបផែនការទ្រព្យសម្បត្តិសម្រាប់គ្រួសារអ្នកមាន បានអះអាងថា ការដាក់ឱ្យប្រើប្រាស់ «ពន្ធសម្ព័ន្ធភាពអាពាហ៍ពិពាហ៍» មិនមានអ្វីចម្លែកនោះទេ ដោយសារវាធ្លាប់ត្រូវបានរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក អនុវត្តរួចហើយកន្លងមក ដើម្បីបង្កើនប្រាក់ចំណូលពីក្រុមគ្រួសារអ្នកមាន។
បច្ចុប្បន្ន ច្បាប់ពន្ធលើប្រាក់ចំណូលសម្រាប់អ្នកមាននៅសហរដ្ឋអាមេរិក ត្រូវបានកំណត់ត្រឹម 37% ចំពោះបុគ្គលដែលមានចំណូលលើសពី 523,600ដុល្លារ ឬប្ដី-ប្រពន្ធដែលមានចំណូលួមច្រើនជាង 628,300ដុល្លារ (អាស្រ័យលើប្រភេទទ្រព្យ)។ ប្រធានាធិបតី Biden ចង់ដំឡើងពន្ធនេះឱ្យដល់ 39.6% និងសំដៅលើ top 1% នៃក្រុមអ្នកមានបំផុត។
ដូច្នេះ មហាសេដ្ឋីខ្លះ នឹងជ្រើសរើសការបង់ពន្ធលើប្រាក់ចំណូលបុគ្គល ជាជាងពន្ធសរុបរបស់គ្រួសារ ព្រោះពួកគេនឹងបង់ពន្ធតិចជាង។ ឧទាហរណ៍ថា គ្រួសារមួយដែលប្ដីមានចំណូល 350,000ដុល្លារ និងប្រពន្ធ 350,000ដុល្លារ នោះពួកគេនឹងត្រូវបង់ពន្ធយ៉ាងច្រើន ព្រោះថា គ្រួសារនេះមានចំណូលសរុប 700,000ដុល្លារ ដែលស្ថិតក្នុងបញ្ជីនៃក្រុមអ្នកមានលំដាប់ top 1% នៃច្បាប់ថ្មី។ ក៏ប៉ុន្តែ ប្រសិនបើបង់តាមលក្ខណៈបុគ្គល នោះម្នាក់ៗ មានត្រឹមតែ 350,000ដុល្លារ ទាបជាងការកំណត់ (526,600ដុល្លារ) និងត្រូវរួចពន្ធ ឬត្រូវបង់ទាបជាង។
ប្រធានាធិបតី Biden កំពុងមានគម្រោងអនុវត្ត «ពន្ធចំណងអាពាហ៍ពិពាហ៍» ទៅលើករណីខាងលើ ដើម្បីរកចំណូលបន្ថែមជូនរដ្ឋ។ ជាលទ្ធផល គ្រួសារមហាសេដ្ឋីមួយចំនួន ទំនងជានឹង «នាំគ្នា» ធ្វើការលែងលះច្រើនជាងមុន មុនពេលច្បាប់យកពន្ធថ្មី ចូលជាធរមាន។ បើទោះជាប្រាក់ចំណូលបុគ្គលរបស់មនុស្សមួយចំនួននៅតែខ្ពស់ ប៉ុន្តែពន្ធដែលពួកគេត្រូវបង់ក៏នៅតែទាបជាងឆ្ងាយ បើធៀបនឹង «ពន្ធសម្ព័ន្ធភាពអាពាហ៍ពិពាហ៍» ដែលប្រធានាធិបតី Biden ចង់ដាក់ឱ្យអនុវត្ត។
យោងតាមអ្នកជំនាញការមួយចំនួន ច្បាប់ពន្ធថ្មីរបស់ប្រធានាធិបតី Biden អាចនឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ2021 ឬដើមឆ្នាំ2022 នៅក្នុងគ្រាដែលថវិកាជាតិត្រូវរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីកញ្ចប់ថវិកាជំនួយដ៏ធំសម្បើមជាច្រើន ដែលរដ្ឋាភិបាលត្រូវប្រើប្រាស់ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច។
ជាងនេះ សេចក្ដីព្រាងច្បាប់ថ្មីរបស់ Joe Biden ក៏ថែមទាំងយកពន្ធ 61% ទៅលើបុគ្គលដែលត្រូវទទួលមរតកផងដែរ ដែលនេះអាចបណ្ដាលឱ្យគ្រួសារមហាសេដ្ឋីទាំងឡាយ ត្រូវពិចារណាយ៉ាងល្អិតល្អន់ នៅពេលចង់ផ្ទេរកេរមរតកទៅឱ្យកូនចៅ សាច់ញាតិ ដើម្បីអាចគេចពន្ធនេះបាន។
ថ្មីៗនេះ មហាសេដ្ឋី Bill Gates បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំង ពេលដែលលោកប្រកាសថា លែងលះប្រពន្ធ បើទោះជាកន្លងមក គ្រួសារនេះតែងតែបង្ហាញសុភមង្គល ក៏ដូចជាមិនទាន់មានបញ្ហាអ្វីធំដុំកើតឡើង។ ការសម្រេចចិត្តរបស់គ្រួសារ Bill Gates នាំឱ្យមនុស្សមួយចំនួនសង្ស័យថា មូលហេតុ អាចទាក់ទងនឹងយន្តការគេចពន្ធ មុនពេលកំណែទម្រង់ច្បាប់ពន្ធដាររបស់ប្រធានាធិបតី Joe Biden ត្រូវបានអនុវត្តជាផ្លូវការ៕
ប្រភព៖ CNBC
ប្រែសម្រួល៖ បុត្រា