យើងអាចដឹងថា ហុងស៊ុយ គឺការរៀបចំទុកដាក់របស់របរ ឬការតុបតែងផ្ទះ តាមក្បួនសាស្ត្រារបស់ជនជាតិចិនដែលមានច្រើនបែប ច្រើនយ៉ាង ច្រើនតម្រា រហូតមិនដឹងថា តើត្រូវរៀបចំតុបតែងតាមតម្រាមួយណាទើបត្រូវនឹងគោលការណ៍ហុងស៊ុយពិតប្រាកដនោះឡើយ ហើយមានមនុស្សជាច្រើន ក៏នៅមិនទាន់ដឹងច្បាស់ទៀតផងថា តើហុងស៊ុយ គឺជាអ្វី? ។
ដូច្នេះយើងនាំគ្នាមកមើលចម្លើយ ដែលពាក់ព័ន្ធនឹងគោលការណ៍ហុងស៊ុយទាំងអស់គ្នាដូចតទៅ ៖
-ហុងស៊ុយគឺជាអ្វី?
ការពិតទៅ ហុងស៊ុយ គឺជាក្បួនសាស្ត្រានៃការតុបតែងផ្ទះ ដែលភ្ជាប់មនុស្សជាមួយនឹងសភាពជុំវិញខ្លួន ឱ្យរស់នៅជាមួយគ្នាបានយ៉ាងស័ក្តិសម បើកឱកាសឱ្យថាមពល និងរឿងល្អៗ វិលចូលមកក្នុងផ្ទះ បានយ៉ាងងាយស្រួល ដើម្បីបង្កើនឱ្យជីវិតរស់នៅក្នុងថ្ងៃនេះ និងថ្ងៃខាងមុខដំណើរការទៅមុខយ៉ាងត្រឹមត្រូវ និងល្អឥតខ្ចោះ។
-ស្គាល់ហុងស៊ុយ យ៉ាងយល់ដឹង
សម្រាប់មនុស្សជំនាន់ថ្មី ដែលនិយមធ្វើអ្វីតាមចំណង់ចំណូលចិត្ត និងប្រកាន់យកភាពងាយស្រួលនោះ អាចនឹងនៅមិនទាន់ស៊ាំធ្លាប់ ជាមួយនឹងគោលការណ៍របស់ហុងស៊ុយប៉ុន្មានឡើយ ហើយបើទោះជាដឹង ក៏អាចដឹងតែបែបស្រពេចស្រពឹលប៉ុណ្ណោះ ទើបធ្វើឱ្យកើតមានការយល់ដឹងពីហុងស៊ុយបែបខុសៗបាន។ ដូច្នេះ យើងគួរតែធ្វើការរៀនសូត្រ អំពីហុងស៊ុយឱ្យបានច្បាស់ ដោយត្រូវចាប់ផ្តើមយល់ដឹងជាមុនសិនថា ហុងស៊ុយមិនមែនជាក្បួនសាស្ត្រាការតុបតែងផ្ទះ ដែលនឹងធានាបាន 100% ថា នៅពេលដែលធ្វើតាមហើយ នឹងជួយកែបញ្ហាជីវិតដែលស្មុគស្មាញ បញ្ហារឿងសុខភាព និងសម្ព័ន្ធភាពផ្សេងៗ ឬក៏ធ្វើឱ្យលោកអ្នក ក្លាយជាអ្នកមានបាន ក្នុង 1ប៉ព្រិចភ្នែកបាននោះទេ និងថែមទាំងមិនមែនជាភាពអាថ៌កំបាំង ឬវេទមន្តអាគម ដែលអាចជុបឱ្យលោកអ្នកសមបំណងប្រាថ្នា បានរៀងរាល់ថ្ងៃនោះ ក៏ទេដែរ តែវាជាក្បួនដាក់តាំង តុបតែងវត្ថុ មនុស្ស និងសភាពជុំវិញឱ្យបានសមមាត្រគ្នា ដើម្បីបង្កើនឱ្យជីវិត មានភាពឧត្តមសម្បូរ សុខដមរមនា និងស្ថិតស្ថេរគង់វង្សខ្លាំងឡើង។
-អត្ថន័យរបស់ហុងស៊ុយ
ដូចដែលបានប្រាប់រួចមកហើយថា ហុងស៊ុយ គឺជាក្បួនសាស្ត្រារបស់ជនជាតិចិន ដែលកើតមានជាង 4ពាន់ឆ្នាំមកហើយ ដោយពាក្យថា «ហុង» មានន័យថា «ខ្យល់» និងពាក្យ «ស៊ុយ» មានន័យថា «ទឹក» ហើយពេលរួមគ្នាទៅ ក៏ក្លាយជា ហុងស៊ុយ ដែលនឹងមានអត្ថន័យពេញៗថា សាស្ត្រា និងសិល្បៈនៃការរៀបចំទីកន្លែង ដោយប្រកាន់យកទិសផ្លូវ របស់ខ្យល់ និងទឹកជាគោល ដើម្បីជួយបង្កើនឱ្យជីវិត មានភាពឧត្តមសម្បូរ ស្ថិតស្ថេរ និងស្ងប់សុខនៅក្នុងជីវិតហ្នឹងឯង។
-ទស្សនៈ តាមបែបរបស់ហុងស៊ុយ
ជាគោលៗនោះ ហុងស៊ុយមានទស្សនៈក្នុងបែបជារួមគឺ អ្វីៗគ្រប់យ៉ាងនៅលើពិភពលោកនេះ សុទ្ធតែមានថាមពលរបស់ខ្លួនឯងទាំងអស់ មិនថាតែរបស់របរ មនុស្ស ទីកន្លែង ឬសូម្បីតែសត្វចិញ្ចឹមក៏ដោយ និងសុទ្ធតែអាចផ្លាស់ប្តូរ និងធ្វើចលនាតាមឥទ្ធិពលទឹក និងខ្យល់បានទាំងអស់ ដូច្នេះទើបហុងស៊ុយព្យាយាមរៀបចំទុកដាក់អ្វីៗគ្រប់យ៉ាងនៅលើពិភពលោកនេះ ឱ្យមានភាពសមមាត្រគ្នា ដោយឱ្យថាមពល «យីន» និង «យ៉ាង» ដែលជាថាមពលនៃការសាងអ្វីៗលើពិភពលោកនេះ កើតឡើងបាន តាមគោលជំនឿរបស់ជនជាតិចិនយ៉ាងស័ក្តិសមបំផុត៕