ទស្សនាព្រឹត្តការណ៍ដ៏គួរឱ្យរំភើប នៅពេលសត្វក្រពើធំ 1ក្បាល ត្រូវការដើរឆ្លងថ្នល់ ប៉ូលិសចរាចរណ៍ក៏ជួយចាត់ការជូនយ៉ាងល្អ ព្រោះទីនោះគឺ រដ្ឋហ្វ្លរីដា!
ហេតុការណ៍នេះ កើតឡើងនៅឯរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក កាលពីថ្ងៃទី30 ខែមេសា ម៉ោងប្រមាណជា 13.30នាទី បណ្ដាអ្នកធ្វើដំណើរទាំងឡាយ ត្រូវជួបនឹងការស្ទះចរាចរណ៍យូរជិត 5នាទី នៅពេលមានការមកទស្សនកិច្ចរបស់ម្ចាស់ទឹកម្ចាស់ដី គឺ “សត្វក្រពើដ៏ធំ 1ក្បាល”។
សត្វក្រពើ 1ក្បាលនេះ មានប្រវែងខ្លួនប្រមាណជា 10ហ្វ៊ុត បានមកឈរនៅចំកណ្ដាលផ្លូវបែកជា4 វាធ្វើឱ្យរាំងស្ទះដំណើរផ្លូវចរាចរណ៍ជាច្រើនប្រឡោះ។ អ្នកធ្វើដំណើរទាំងឡាយ នាំគ្នារង់ចាំឱ្យវាឆ្លងថ្នល់ឱ្យផុតទៅ ប៉ុន្តែវាមិនមែនដូចចិត្តអ្នករង់ចាំទាំងនោះទេ។ ភ្នាក់ងារប៉ូលិស ក៏ត្រូវចូលមកជួយសម្រួលផ្លូវ ឱ្យសត្វក្រពើ ព្រមទាំងនៅឈរធ្វើសញ្ញាចរាចរណ៍ និងការពារឱ្យវាឆ្លងថ្នល់ ការពារហាក់ដូចវា ជាភ្ញៀវលំដាប់ VIP អ៊ីចឹងដែរ។ វាក៏ដើរឆ្លងថ្នល់យ៉ាងរំភើយ ឈានដើរទៅមុខខ្លះ ឈប់ខ្លះ ដេកកណ្ដាលថ្នល់ខ្លះ និងនៅទីបំផុត ក៏អាចឆ្លងទៅដល់ចិញ្ចើមថ្នល់ម្ខាងទៀតដោយសុវត្ថិភាព។
សារព័ត៌មានក្នុងតំបន់ រាយការណ៍ថា ភ្នាក់ងារប៉ូលិសបានព្យាយាមបង្ខំឱ្យមហាក្រពើនោះ ដើរទៅរកបឹងដែលនៅជីតនោះ ដោយអ្នកដែលនៅក្នុងហេតុការណ៍នោះ បាននាំគ្នានិយាយថា គ្មាននរណាហ៊ានប្រើអំពើហិង្សាជាមួយវាទេ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ ទើបត្រូវសុខចិត្តឈប់ឡាន រង់ចាំឱ្យវាឆ្លងថ្នល់ឱ្យផុតសិន។ សំណាងល្អណាស់ ដែលហេតុការណ៍នេះ មិនមានអ្នកណារងគ្រោះថ្នាក់ ទាំងសត្វក្រពើ និងមនុស្ស។
“សម្រាប់ខ្ញុំវិញ ខ្ញុំមិនដែលឃើញហេតុការណ៍បែបហ្នឹងពីមុនទេ តែខ្ញុំគិតថា វាអាចកើតឡើងបានគ្រប់ពេល បើនៅក្នុងរដ្ឋហ្វ្លរីដានេះ។ “ខ្ញុំរស់នៅក្នុងរដ្ឋហ្វ្លរីដាយូរមកហើយ ខ្ញុំធ្លាប់ឃើញក្រពើដើរនៅក្នុងទីលានវាយកូនហ្គោលពីមុន តែមិនមែនមកដើរកណ្ដាលថ្នល់បែបនេះទេ។ “ក្រពើនេះ ធំល្មមនឹងអាចធ្វើបាបអ្នកណាក៏បានដែរ ឱ្យតែអ្នកនោះទៅយាយីវា”
ប្រភព៖ dailymail
ប្រែសម្រួលដោយ ទិទីតំតាតូ