ទោះជាមានមាត់មានក មានអារម្មណ៍មួម៉ៅជាមួយមនុស្សជាទីស្រឡាញ់ក្នុងរឿងតូចតាច ឬរឿងធំដុំ និងចង់តែប្រកែកយកឈ្នះប៉ុនណាក៏ដោយ បើសិនជាចង់រស់នៅជាមួយគ្នាតទៅទៀត ខាងក្រោមនេះ គឺជារឿងដែលបុរសៗយើងត្រូវនឹកដល់ជានិច្ច៖
1. នៅឱ្យស្ងៀមៗសិន ពេលមានអារម្មណ៍មួម៉ៅ ឬខឹង
រឿងដំបូងបំផុតដែលត្រូវធ្វើ គឺស្ងប់សតិអារម្មណ៍ និងរម្ងាប់ភាពក្រេវក្រោធឱ្យជាប់ ព្រោះបើសិនជាអ្នកទម្លាយអារម្មណ៍នោះចេញមក អ្វីដែលអ្នកនិយាយចេញមក ច្បាស់ជាគ្មានអ្វីផ្សេងក្រៅពីរឹតតែធ្វើឱ្យកើតស្នាមរបួសកាន់តែជ្រៅទៅទៀតឡើយ ដូច្នេះហើយ ទើបអ្នកត្រូវនៅស្ងៀមសិន តាំងស្មារតីឱ្យនឹង និងរិះរកឱកាសពន្យល់ អធិប្បាយពីហេតុផលរបស់អ្នកក្នុងពេលវេលាដ៏ស័ក្តិសមណាមួយ តាមទំនងដែលថា “មិនសូវនិយាយទេ តែបើនិយាយ គឺច្បាស់លាស់” ហ្នឹងឯង។
2. មានហេតុផល គឺជារឿងសំខាន់បំផុត
ពេលដែលមនុស្សយើងប្រកែកគ្នា មិនមែនដើម្បីយកឈ្នះគ្នាតែម្យ៉ាងនោះទេ តែដើម្បីពន្យល់គ្នាពីហេតុផលរបស់គ្នាទៅវិញទៅមក ដូច្នេះ តើវាមានប្រយោជន៍អីទៅ ដែលយើងប្រកែកឈ្នះហើយ តែមនុស្សដែលយើងស្រឡាញ់ មិនព្រមទទួលស្គាល់ ឬមិនព្រមយល់ពីហេតុផលរបស់យើងនោះ?។
ដូច្នេះត្រូវចាំទុកឱ្យជាប់ក្នុងចិត្តថា ហាមរបូតពាក្យសម្ដីធ្ងន់ធ្ងរ ឬពាក្យអាក្រក់ស្តាប់ណាមួយ ចេញទៅឱ្យសោះ ព្រោះវានឹងធ្វើឱ្យការផ្ដល់កិត្តិយស ឬការគោរពគ្នាទៅវិញទៅមក ធ្លាក់ចុះ។ អ្វីដែលត្រូវធ្វើនោះគឺ គួររៀបចំ និងគិតចម្រាញ់ពាក្យសម្ដីមួយម៉ាត់ៗ ដែលនឹងនិយាយចេញទៅនោះថា តើវាស័ក្តិសមឬទេ មិនមែនជាការជះប្រេងទៅលើភ្លើងថែមនោះឡើយ។ ការប្រើហេតុផលអធិប្បាយអំពីប្រភពនៃរឿងហេតុ គួរធ្វើឡើងនៅក្នុងពេលវេលាដ៏សមរម្យណាមួយ វានឹងធ្វើឱ្យយើងយល់ចិត្តគ្នាបានឡើងវិញនៅទីបំផុត។
3. ប្រកែកឱ្យត្រូវទីកន្លែង និងត្រូវពេលវេលា
ការប្រកែកគ្នានៅក្នុងទីសាធារណៈ ក្រៅតែពីខ្មាស់គេហើយនោះ នៅប្រថុយប្រថាននឹងការបកអាក្រាតពីកំហុសរបស់គ្នាឯង នៅចំពោះមុខមនុស្សដទៃទៀតផង ដែលនេះវានឹងក្លាយជាបញ្ហារីករាលដាលធំដុំ វែងឆ្ងាយតទៅទៀត។ រឿងទាស់ចិត្តគ្នារវាងមនុស្ស 2នាក់ វាជារឿងផ្ទាល់ខ្លួនរបស់អ្នក គួរទុកចាំប្រកែកគ្នានៅក្នុងកន្លែងណាស្ងាត់ៗវិញប្រសើរជាង។
គ្រប់ពេលដែលយើងមានមាត់មានកនឹងគ្នា បើយើងប្រកែកគ្នាយ៉ាងមានសតិ ព្យាយាមយល់ និងចេះទទួលស្គាល់ពីចំណុចល្អ ចំណុចអន់ និងចរិតនិស្ស័យដែលខុសគ្នា រួមទាំងចេះអត់ឱនទោសឱ្យគ្នាទៅវិញទៅមកផងនោះ យើងនឹងកាន់តែស្គាល់ចិត្តគ្នា និងស៊ីជម្រៅជាមួយគ្នា កាន់តែខ្លាំងឡើង ក្លាយជាសេចក្តីស្នេហាក្នុងជីវិតអាពាហ៍ពិពាហ៍ដែលរឹងមាំមិនខាន។
4 . ធ្វើខុស សុំទោស – ចេះអត់ទោស និងការកែខ្លួន គឺការរស់រានមានជីវិតរបស់ស្នេហា
ទោះជាស្រឡាញ់គ្នាខ្លាំងប៉ុនណាក៏ដោយ តែជាច្រើនដងណាស់ ដែលក្តីស្នេហាដួលរលំ យើងបែរជារកឃើញថា មូលហេតុសំខាន់នោះ មិនបាននៅឆ្ងាយពីខ្លួនយើងឡើយ តែវាស្ថិតនៅក្នុងខ្លួនរបស់យើងហ្នឹងឯង ដោយសារតែយើងមានអស្មិមានះរបស់ខ្លួនឯងខ្លាំងជ្រុលពេក ទើបមិនយល់ និងមិនស្គាល់ពីវិធីការ ក្នុងការទទួលស្គាល់អ្នកដទៃ។ ការធ្វើខុសហើយសុំទោសពីចិត្តស្មោះ និងចេះអត់ទោសឱ្យគ្នា គឺជាជម្រើសដ៏ល្អបំផុត តែបើត្រូវសុំទោស និងត្រូវអត់ទោសឱ្យនៅក្នុងតែរឿងដដែលៗ ញឹកញាប់ពេកនោះ វាក៏ប្រហែលជាមិនសូវល្អប៉ុន្មានដែរ។
រឿងដែលល្អបំផុតគឺ នៅគ្រប់ពេលដែលឈ្លោះគ្នា យើងគួររៀនយល់ដឹងក្នុងការកែសម្រួលខ្លួន ឱ្យចូលចុះនឹងគ្នាបានវិញទើបជាការប្រសើរ៕
ដោយ អ្នកគ្រូ ឆវី