ទីភ្នាក់ងារអវកាសប្រទេសរុស្ស៊ី បានឱ្យដឹងថា រុស្ស៊ីសង្ឃឹមនឹងអាចបង្កើតស្ថានីយអវកាសផ្ទាល់ខ្លួន នៅឆ្នាំ2025។ គម្រោងនេះត្រូវបានគេដឹង បន្ទាប់ពីទីក្រុងម៉ូស្គូ ចង់ដកខ្លួនចេញពីកម្មវិធីស្ថានីយអវកាសអន្តរជាតិ។
ស្ថានីយអវកាសអន្តរជាតិ ISS ត្រូវបានសាងសង់ឡើងម្ដងបន្តិចៗលើលំហអវកាស និងចំណាយពេលអស់រយៈពេលជាង 2ទសវត្សរ៍ ទើបរួចរាល់ដោយជោគជ័យ ក្រោមកិច្ចសហប្រតិបត្តិការលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ រវាងរុស្ស៊ីខ្លួនឯង, សហរដ្ឋអាមេរិក, ជប៉ុន, បណ្ដាប្រទេសអឺរ៉ុបជាច្រើនដូចជា៖ ស៊ុយអែត, កាណាដា និងអេស្ប៉ាញជាដើម។
លោក Dmitry Rogozin កំពុងកាន់តំណែងជាប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី បានឱ្យដឹងថា៖ «ការងារយើងបានចាប់ផ្តើមហើយ លើការអភិវឌ្ឍកំណាត់បន្ទប់ដំបូង វាអាចនឹងត្រូវបញ្ជូនឡើងទៅកាន់ទីអវកាសបាននៅឆ្នាំ2025 ខាងមុខនេះ»
អ្នកទាំងអស់គ្នាច្បាស់ជាបានដឹងរូចមកហើយថា ការសាងសង់ស្ថានីយអវកាស នឹងត្រូវចំណាយទំហំទឹកប្រាក់ដ៏ច្រើនមហាសាល។ គិតមកទល់ពេលនេះ ISS ខាងលើ មានអាយុកាលប្រើប្រាស់ច្រើនឆ្នាំមកហើយ យ៉ាងណាមិញ ទីភ្នាក់ងារអវកាសអឺរ៉ុប បានបញ្ជាក់ថា វាអាចប្រើប្រាស់ដល់ឆ្នាំ2024 និងបន្តយូរឆ្នាំទៀតបាន៕