Pfizer បានប្រកាសថា រកបានប្រាក់ចំណូល 3.5ពាន់លានដុល្លារ ពីវ៉ាក់សាំង Covid-19 នៅក្នុងរយៈពេល 3ខែដើមឆ្នាំ2021 ក្នុងនោះ ក្រុមហ៊ុនអាចចំណេញ 900លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍ដែលត្រូវបានក្រុមហ៊ុនផលិតឱសថអាមេរិក ប្រកាសកាលពីម្សិលមិញ ខ្ទង់ចំណូលបានមកពីវ៉ាក់សាំង Covid-19 ក្នុងត្រីមាសទីមួយ ស្មើនឹង ¼ នៃចំណូលសរុបរបស់ Pfizer។ ក្រុមហ៊ុននេះ មិនបានបង្ហើបឱ្យដឹងអំពីខ្ទង់ចំណេញដែលបានមកពីវ៉ាក់សាំង Covid-19 ប៉ុន្តែ បានរំលឹកអំពីខ្ទង់ចំណេញមុននេះគឺ 20% នៃប្រាក់ចំណូល។
ដូច្នេះ ខ្ទង់ចំណេញមុនការបង់ពន្ធ ដែលបានមកពីវ៉ាក់សាំង Covid-19 ក្នុង 3ខែដំបូងនៃឆ្នាំ2021 របស់ Pfizer ត្រូវបានគេគណនាឃើញថា ឡើងដល់ 900លានដុល្លារ។
យ៉ាងនេះក្ដី ខ្ទង់ចំណេញជាក់ស្ដែងរបស់ Pfizer ត្រូវបានគេជឿថា ខ្ពស់ជាងនេះឆ្ងាយ ព្រោះក្រុមហ៊ុននេះ ក៏ទទួលបានការចែករំលែកប្រាក់ចំណូលពីដៃគូសហការ BioNTech របស់អាល្លឺម៉ង់ ដែលក្រុមហ៊ុននេះ នឹងប្រកាសរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទីមួយ នៅសប្ដាហ៍ក្រោយ។ កាលពីខែមីនា BioNTech បានឱ្យដឹងថា ពួកគេរកបានចំណូលជិត 10ពាន់លានអឺរ៉ូ (11.8ពាន់លានដុល្លារអាមេរិក) ដោយយោងទៅតាមទិន្នន័យបញ្ជាទិញនៅអំឡុងពេលនោះ។
វ៉ាក់សាំង Covid-19 ត្រូវបានគេព្យាករថា នឹងបន្តរកចំណូលបានយ៉ាងច្រើនសន្ធឹកមកឱ្យ Pfizer និង BioNTech ពិសេសគឺនៅពេលដែលគ្រប់គ្នាត្រូវការចាក់រំលឹកជាទៀងទាត់។ Pfizer ព្យាករថា វ៉ាក់សាំង Covid-19 នឹងរកចំណូលឱ្យពួកគេបាន 26ពាន់លានដុល្លារក្នុងឆ្នាំនេះ ច្រើនជាងឆ្ងាយ បើធៀបនឹងការព្យាករ 15ពាន់លានដុល្លារនាពេលកន្លង។
ក្រុមហ៊ុន Pfizer ឱ្យដឹងថា ពួកគេបានបញ្ជូនវ៉ាក់សាំង 430លានដូសទៅឱ្យប្រទេស និងដែនដីចំនួន 91 រួចហើយ។ ប៉ុន្តែ Sharon Castillo ដែលជាអ្នកនាំពាក្យរបស់ Pfizer មិនបានបង្ហើបឱ្យដឹងអំពីតួលេខនៃវ៉ាក់សាំងដែលត្រូវបានបញ្ជូនទៅឱ្យប្រទេសក្រីក្រ ជាកន្លែងដែល Pfizer ធ្លាប់បានប្រកាសថា មិនយកចំណេញ។
ចំណែកទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា Pfizer ផ្ដល់ជំនួយតែ 40លានដូសប៉ុណ្ណោះ សម្រាប់កម្មវិធី Covax របស់ WHO ដែលផ្ដល់វ៉ាក់សាំងដល់បណ្ដាប្រទេសក្រីក្រ ដែលនេះមិនទាន់ដល់ 2% នៃប្រាក់ចំណូលដែល Pfizer រួមនឹង BioNTech បានកំណត់គោលដៅក្នុងការផលិតនៅក្នុងឆ្នាំនេះ។
សារព័ត៌មានជាច្រើន បានឱ្យដឹងថា បច្ចុប្បន្ន សហរដ្ឋអាមេរិកត្រូវទិញវ៉ាក់សាំង Pfizer ក្នុងតម្លៃ 19.50ដុល្លារ/ដូស ខណៈដែលអ៊ីស្រាអែល យល់ព្រមទិញក្នុងតម្លៃ 30ដុល្លារ។ ចំណែកសហភាពអឺរ៉ុបវិញ ថ្មីៗនេះ បានសម្រេចទិញ 1.8ពាន់លានដូស ប៉ុន្តែ Pfizer មិនបានបង្ហើបឱ្យដឹងអំពីតម្លៃនោះទេ៕
ប្រភព៖ NY Times
ប្រែសម្រួល៖ បុត្រា