Skip to content

ភាពខុសគ្នា​រវាង​តម្លៃ​ទឹក​ចាស់ និង​តម្លៃ​ទឹក​ថ្មី​របស់​រដ្ឋាករទឹក

ភ្នំពេញ៖ បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​តម្រូវឱ្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​សង​ប្រាក់​ទៅ​ប្រជាពលរដ្ឋ​នូវ​តម្លៃ​ទឹក​ដែល​មានការ​គណនា​តាមរបៀប​ថ្មី​ថ្លៃ​ជាង​ការ​គណនា​ចាស់​នោះមក ក្រសួង​ក៍​ដូចជា​អង្គភាព​រដ្ឋាករទឹក​ដែរ​បាន​ចេញមុខ​សុំទោស​ប្រជាពលរដ្ឋ និង​ប្រាប់​ពី​ភាពខុសគ្នា​នូវ​តម្លៃ​ទឹក​ចាស់ និង​ថ្មី​ដើម្បី​សង​ទៅ​ប្រជាពលរដ្ឋ​វិញ​ហើយ។

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ដែល​បាន​ជម្រាបជូន​សាធារណជន​ដែលជា​អតិថិជន​ប្រើប្រាស់​ទឹក​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​ឱ្យដឹងថា ក្រសួង​បានចេញ​សេចក្តីសម្រេច​ស្តីពី​ការកែសម្រួល​ថ្លៃ​លក់​ទឹកស្អាត​ដែល​បាន​ផលិត​និង​ផ្គត់ផ្គង់​ដោយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​លេខ 149MIH/2017 ចុះ​ថ្ងៃទី15 ខែឧសភា ឆ្នាំ2017 ដោយបាន​បន្ថែម​កម្រិត​ប្រើប្រាស់​ចាប់ពី 0ម៉ែត្រគូប​ទៅដល់ 03ម៉ែត្រគូប​ក្នុងតម្លៃ 400រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រគូប ខណៈដែល​ការ​គណនា​ថ្មី​មានតម្លៃ​រហូតដល់550 រៀល​ឯណោះ​ក្នុង​មួយ​ម៉ែត្រគូប។

សេចក្តីជូនដំណឹង​នេះ​បានដាក់​ការស្តីបន្ទោស​ទៅលើ​កំហុស​បច្ចេកទេស​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ដែល​បានធ្វើការ​គណនា និង​ចេញ​វិក្កយបត្រ​ពុំ​ត្រឹមត្រូវ​បណ្តាលឱ្យមាន​ការកើនឡើង​នៃ​តម្លៃ​ទឹក​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ។

ជាមួយគ្នានេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក៏បាន​សុំ​អភ័យទោស​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្រុងភ្នំពេញ និង​ក្រុង​តាខ្មៅ និង​បានប្រកាស​ធ្វើការ​កែតម្រូវ​នូវ​ការ​គណនា​តម្លៃ​ទឹក​ត្រឡប់​ទៅតាម​របៀប​គណនា​ចាស់ និង​សង​ជូន​អតិថិជន​វិញ​នូវ​រាល់​ទឹកប្រាក់​លម្អៀង ឬ​ទឹកប្រាក់​ដែល​បាន​យក​លើស​ជាបន្ទាន់។ សូម​ជម្រាប​ដែរ​ថា បន្ទាប់ពី​មានការ​ព្រមាន​ពី​ប្រមុខ​រដ្ឋាភិបាលភ្លាមៗ ទាំង​ក្រសួង និង​រដ្ឋាករ​ទឹកបាន​សន្យាថា នឹងមិន​ឱ្យមាន​កំហុស​ឆ្គង​ជា​លើក​ទី2ទៀតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *