មហាសេដ្ឋីអាមេរិក Bill Gates និងអ្នកស្រី Melinda ដែលជាស្វាមី-ភរិយាមួយគួ ក្នុងចំណោមគូស្នេហ៍ដែលមានទ្រព្យច្រើនជាងគេក្នុងពិភពលោក បានលែងលះគ្នា បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល 27ឆ្នាំ និងមានកូនបីនាក់។
«ក្រោយពីបានគិត ពិចារណាយ៉ាងល្អិនល្អន់អំពីទំនាក់ទំនង យើងបានសម្រេចបញ្ចប់សម្ព័ន្ធភាពអាពាហ៍ពិពាហ៍នឹងគ្នា» នេះបើតាមការប្រកាសកាលពីថ្ងៃទី3 ខែឧសភា ឆ្នាំ2021 នៅលើគណនីបណ្ដាញសង្គម Twitter របស់ប្ដី-ប្រពន្ធមហាសេដ្ឋី Bill Gates។ មហាសេដ្ឋី Bill Gates គឺជាសហស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យា Microsoft។
«ក្នុងអំឡុង 27ឆ្នាំកន្លងមក យើងបានចិញ្ចឹមបីបាច់កូនចំនួនបីនាក់ប្រកបដោយភាពអស្ចារ្យ និងបង្កើតបានអង្គការមួយដែលធ្វើសកម្មភាពទូទាំងសកលលោក ដើម្បីជួយឱ្យគ្រប់គ្នាមានជីវភាពល្អប្រសើរ។ យើងនៅតែជឿជាក់លើបេសកកម្មនោះ និងនៅតែបន្តធ្វើកិច្ចការទាំងនោះរួមគ្នា ប៉ុន្តែ លែងជឿជាក់ថា នឹងអាចរស់នៅជាប្ដី-ប្រពន្ធនឹងគ្នាទៀតហើយ ក្នុងដំណាក់កាលចុងក្រោយនៃជីវិត» ការប្រកាសរបស់គ្រួសារ Bill Gates បានសរសេរដូច្នេះ។
បច្ចុប្បន្ន គេមិនទាន់ដឹងលម្អិតអំពីព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុ ក្រោយការលែងលះរបស់អ្នកទាំងពីរនៅឡើយ។ ពួកគេគឺជាគូស្នេហ៍មួយគូក្នុងចំណោមគូស្នេហ៍ដែលមានទ្រព្យច្រើនជាងគេក្នុងពិភពលោក ដោយមានទ្រព្យប្រមាណ 130ពាន់លានដុល្លារអាមេរិក និងមានកូនចំនួនបីនាក់។ ការប្រកាសបានបន្ថែមថា៖ «យើងស្នើឱ្យមានបរិយាកាស និងភាពឯកជនសម្រាប់គ្រួសារ នៅពេលចាប់ផ្ដើមកំណត់គោលដៅថ្មីសម្រាប់ជីវិត»។
យោងតាមបញ្ជីចំណាត់ថ្នាក់អ្នកមានជាងគេក្នុងពិភពលោក ដែលត្រូវបានទស្សនាវដ្ដី Forbes ប្រកាសកាលពីដើមខែមុន Bill Gates បច្ចុប្បន្ន មានទ្រព្យ 124ពាន់លានដុល្លារ ដែលភាគច្រើនបានមកពីភាគហ៊ុននៅ Microsoft។ លោក Gates រកបាន 26ពាន់លានដុល្លារបន្ថែមទៀត ប៉ុន្តែចំណាត់ថ្នាក់នៅតែធ្លាក់ចុះពីរថ្នាក់ ដោយឈរលំដាប់ទីបួនក្នុងតារាងចំណាត់ថ្នាក់នេះ។
Bill និង Melinda គឺជាសហប្រធាន និងជាអ្នកដែលទទួលបានទំនុកចិត្តបំផុតរបស់អង្គការមនុស្សធម៌ឯកជនធំជាងគេបង្អស់ក្នុងពិភពលោក នោះគឺមូលនិធិ Bill and Melinda Gates មានទីស្នាក់ការកណ្ដាលស្ថិតនៅក្នុងទីក្រុង Seattle ក្នុងរដ្ឋ Washington ដែលពួកគេបានបង្កើតកាលពីឆ្នាំ2000។ ដំណាច់ឆ្នាំ2019 មូលនិធិនេះមានទ្រព្យ 43.3ពាន់លានដុល្លារអាមេរិក។
លោក Bill Gates អាយុ65ឆ្នាំ និងអ្នកស្រី Melinda Gates អាយុ56ឆ្នាំ បានបរិច្ចាគទ្រព្យដែលមានតម្លៃប្រមាណជាង 36ពាន់លានដុល្លារអាមេរិកទៅឱ្យមូលនិធិខាងលើ រាប់ចាប់ពីឆ្នាំ1994 ដល់ឆ្នាំ2018។
មូលនិធិខាងលើ ផ្ដោតសំខាន់ទៅលើវិស័យសុខាភិបាលសាធារណៈ អប់រំ និងអាកាសធាតុ។ ប៉ុន្តែ មូលនិធិនេះមិនទាន់មានយោបល់អ្វីចំពោះរបៀបដំណើរការរបស់ខ្លួន ក្រោយពីការលែងលះរបស់ប្ដី-ប្រពន្ធ Bill Gates នៅឡើយ។
ការលែងលះដ៏គួរឱ្យភ្ញាក់ផ្អើលនេះ កើតឡើងបន្ទាប់ពីស្ថាបនិករបស់ Amazon គឺលោក Jeff Bezos ប្រកាសថា លោក និងភរិយា MacKenzie បានសម្រេច «ចែកផ្លូវគ្នា»។
លោក Bill Gates បានបោះបង់ការសិក្សានៅសាកលវិទ្យាល័យ Harvard ដើម្បីបង្កើតក្រុមហ៊ុន Microsoft ជាមួយនឹងមិត្តរួមថ្នាក់ Paul Allen កាលពីឆ្នាំ1975។ Gates កាន់កាប់ភាគហ៊ុន 49% របស់ Microsoft ក្នុងឆ្នាំ1986 ធ្វើឱ្យលោកក្លាយជាសេដ្ឋីភ្លាម។ ការរីកចម្រើនខ្លាំងរបស់ Microsoft បានជួយឱ្យលោកក្លាយជាអ្នកមានជាងគេម្នាក់ក្នុងពិភពលោក ដោយប្រើពេលយ៉ាងខ្លី។
លោក Gates បានលាលែងពីតំណែងនាយកប្រតិបត្តិកាលពីឆ្នាំ2000 ដើម្បីផ្ដោតទៅលើកិច្ចការមនុស្សធម៌ ប៉ុន្តែ លោកនៅតែកាន់កាប់តំណែងប្រធានរហូតដល់ឆ្នាំ2014 និងបានចាកចេញពីក្រុមប្រឹក្សាភិបាលរបស់ Microsoft កាលពីខែមីនា ឆ្នាំ2020។
ច្រើនឆ្នាំចុងក្រោយនេះ លោក Bill Gates ភាគច្រើនលើកឡើងអំពីបញ្ហាក្រីក្រ សុខាភិបាល ក៏ដូចជាបញ្ហា Covid-19។ កាលពីឆ្នាំមុន មូលនិធិ Bill and Melinda Gates បានសន្យាផ្ដល់ជំនួយប្រមាណ 250លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិសុខភាពដែលបង្កឡើងដោយវីរុសCovid-19 ក្នុងនោះក៏មានជំនួយសម្រាប់ចែករំលែកវ៉ាក់សាំងទៅឱ្យតំបន់អាហ្វ្រិក និងអាស៊ីផងដែរ។
Melinda Gates ថ្មីៗនេះ បានហៅខ្លួនឯងថា Melinda French Gates។ អ្នកស្រីបានចាប់កំណើតនៅក្នុងទីក្រុង Dallas នៃរដ្ឋ Texas សហរដ្ឋអាមេរិក និងបានសិក្សាជំនាញផ្នែកកុំព្យូទ័រ និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Duke។ អ្នកស្រីបានចូលបម្រើការនៅក្នុងក្រុមហ៊ុន Microsoft និងបានជួប Gates កាលពីឆ្នាំ1987 ហើយបានរៀបការជាមួយគ្នាកាលពីឆ្នាំ1994។ ឆ្នាំ2015 អ្នកស្រីបានបង្កើត Pivotal Ventures ជាក្រុមហ៊ុនវិនិយោគមួយដែលផ្ដោតទៅលើកិច្ចការទាក់ទិននឹងស្ត្រី៕
ប្រភព៖ Reuters, AFP
ប្រែសម្រួល៖ បុត្រា