សីតុណ្ហភាពនៃបរិយាកាសមិនស្មើគ្នា បានធ្វើឱ្យរូបភាពរបស់ប្រាសាទដែលមានអាយុកាលជិត 500ឆ្នាំ នៅចក្រ ភពអង់គ្លេស មើលទៅហាក់បីដូចជាកំពុងអណ្ដែតក្នុងអាកាស លើផ្ទៃទឹកសមុទ្រ។
អ្នកថតរូបម្នាក់ឈ្មោះ Joss Mullinger ថតបានរូបភាពប្រាសាទ Hurst «អណ្ដែត» នៅខាងលើឆ្នេរសមុទ្រ Lepe ដែលស្ថិតនៅភាគខាងលិចតំបន់ Hampshire កាលពីថ្ងៃទី28 ខែមេសា ឆ្នាំ2021។ នេះបើតាមសារព័ត៌មាន The Sun។ ប្រាសាទ Hurst ត្រូវបានសាងសង់ឡើងដោយស្ដេច Henry ទី8 ចន្លោះឆ្នាំ1541-1544 នៅតំបន់ Hurst។ ស្ថាបត្យកម្មនេះ ស្ថិតក្នុងគម្រោងការពារឆ្នេរសមុទ្រ Device Forts របស់មហាក្សត្រ ដើម្បីទប់ទល់នឹងការឈ្លានពានពីបារាំង និងចក្រភពរ៉ូម។
«នៅលើដងផ្លូវទៅកាន់ចំណតរថយន្ត ខ្ញុំស្រាប់តែបានឃើញទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។ ខ្ញុំក៏ប្រញាប់លោតចេញពីរថយន្ត ដើម្បីថតយករូបភាពនេះ ព្រោះថា វាអាចបាត់ទៅវិញមួយរំពេច ដោយសារអាកាសធាតុ និងពន្លឺ។ ពិតជាដូចទៅនឹងការស្មាន ពេលយើងទៅដល់ចំណតរថយន្ត និងដើរបានមួយភ្លែត រូបភាពនេះ ក៏បានបាត់ខ្លួន» Joss Mullinger រៀបរាប់ឡើងវិញ។
ទិដ្ឋភាពខាងលើនេះ កើតឡើងដោយរូបភាពដែលទទួលឥទ្ធិពលពីកាំរស្មី និងសីតុណ្ហភាព។ បាតុភូតដែលត្រូវបានគេហៅថា Fata Morgana នេះ កើតឡើងនៅពេលព្រះអាទិត្យជះកំដៅទៅលើបរិយាកាសនៃផ្ទៃដី ឬផ្ទៃទឹកសមុទ្រ។ ស្រទាប់បរិយាកាសក្ដៅ សង្កត់លើស្រទាប់បរិយាកាសត្រជាក់ បណ្ដាលឱ្យរស្មីត្រូវបានកាច់ឱ្យកោង ធ្វើឱ្យទិដ្ឋភាពដែលនៅឆ្ងាយ ត្រូវប្រែប្រួល។
Fata Morgana អាចកើតឡើងនៅលើដីគោក ប៉ុន្តែ បាតុភូតនេះ ភាគច្រើនមាននៅលើផ្ទៃទឹកសមុទ្រ ព្រោះទឹកជួយបង្កើតបរិយាកាសត្រជាក់។ ឈ្មោះនៃបាតុភូតនេះ មានដើមកំណើតមកពីពាក្យ Morgan le Fay ជាធ្មប់ដែលប្រើប្រាស់មន្តអាគម ដើម្បីទាក់ទាញក្រុមនាវិកឱ្យចូលទៅក្នុងអន្ទាក់ នៅក្នុងរឿងព្រេងបុរាណ Arthur៕
ប្រភព៖ Sun
ប្រែសម្រួល៖ បុត្រា