ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក គីម ហ៊ាង បានថ្លែងថា ប្រជាពលរដ្ឋដែលមានចម្ងល់ចង់ដឹងពីក្រុមហ៊ុនវិនិយោគលើលំនៅដ្ឋានជាបុរីក្តី ជាខុនដូក្តី អាចទូរស័ព្ទមកសាកសួរសមាគមបាន។
លោកបានថ្លែងឲ្យដឹងនៅថ្ងៃម្សិលមិញថា កន្លងមកមានក្រុមហ៊ុនមួយចំនួនថា ខ្លួនជាក្រុមហ៊ុន ប៉ុន្តែពេលឆែកព័ត៌មានទៅបានរកឃើញថា ពួកគេមិនមានអាជ្ញាប័ណ្ណអភិវឌ្ឍន៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ឡើយ គឺពួកគេមានតែអាជ្ញាប័ណ្ណចុះបញ្ជីក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្មប៉ុណ្ណោះ។ លោកបន្តថា ដើម្បីស្រាយចម្ងល់ទាក់ទងនឹងបុរី ឬខុនដូថា តើមានអាជ្ញាប័ណ្ណឬអត់ ប្រជាពលរដ្ឋអាចសាកសួរមកកាន់សមាគមតាមរយៈទូរស័ព្ទលេខ 023 63 24 834។
លោកគីម ហ៊ាងបានបន្តថា ករណីខ្លះទៀតប្រជាពលរដ្ឋអាចសាកសួរទៅអាជ្ញាធរមូលដ្ឋានដើម្បីធ្វើឲ្យប្រាកដថា អចលនទ្រព្យដែលខ្លួនបានទិញនោះមិនមានហានិភ័យកើតឡើង។ ដូចជាដីឡូត៍ពុះលក់ជាដើម ប្រជាពលរដ្ឋគួរតែសាកសួរព័ត៌មានរកម្ចាស់ប័ណ្ណពិតប្រាកដ។ លោកបន្តថា បច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបានរងគ្រោះពីការទិញដីឡូត៍ ដោយសារម្ចាស់ដីឡូត៍មួយចំនួនបានកក់ប្រាក់10ភាគរយ ហើយម្ចាស់ដីបានត្រឹមតែបានចុះឈូសឆាយដី ហើយលើកស្លាកលក់រួចប្រមូលប្រាក់បានមួយចំនួនក៏រត់ចោលអ្នកទិញតែម្តងក៏មាន៕