ការកាត់បន្ថយចំណាយសម្រាប់សកម្មភាពផ្សព្វផ្សាយ, ទេសចរណ៍ និងកំសាន្ត អាចជួយឱ្យ Google សន្សំសំច័យបានជាង 1ពាន់លានដុល្លារ ក្នុងឆ្នាំនេះ។
នៅពេលដែលបំរាមគោចរត្រូវបានគេដកចេញជាបណ្ដើរៗ គេឃើញថា មនុស្សកាន់តែច្រើនឡើងៗ បានកក់សំបុត្រធ្វើដំណើរ និងសណ្ឋាគារតាមអនឡាញ។ ប្រការនេះល្អសម្រាប់ផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Google។ ក៏ប៉ុន្តែ ការដែលបុគ្គលិករបស់ក្រុមហ៊ុននេះ នៅតែបន្តធ្វើការពីផ្ទះ មិនត្រូវធ្វើដំណើរ ក៏មានប្រយោជន៍ដល់សកម្មភាពជំនួញរបស់ក្រុមហ៊ុននេះដែរ។
នៅក្នុងត្រីមាសទីមួយ Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google សន្សំសំច័យបាន 268លានដុល្លារ ពីខ្ទង់ចំណាយសម្រាប់ការផ្សព្វផ្សាយ, ទេសចរណ៍ និងកំសាន្ត បើធៀបនឹងអំឡុងពេលដូចគ្នានៃឆ្នាំ2020 ដែលភាគច្រើនគឺដោយសារ Covid-19។ ប្រសិនបើគិតជាសរុបពេញមួយឆ្នាំ នោះតួលេខនេះនឹងឡើងដល់ជាង 1.07ពាន់លានដុល្លារអាមេរិក (ជាង 4,361,150,000,000រៀល)។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំនៃត្រីមាសទីមួយ ឆ្នាំនេះ Alphabet ក៏បានឱ្យដឹងថា ខ្ទង់ចំណាយសម្រាប់ការផ្សព្វផ្សាយ បានថយចុះ 1.4ពាន់លានដុល្លារក្នុងឆ្នាំ2020 ខណៈដែលក្រុមហ៊ុនផ្អាក ឬប្ដូរសកម្មភាពធ្វើផ្ទាល់មួយចំនួន ដោយងាកទៅធ្វើតាមរូបភាពអំឡាញ។ Alphabet ក៏សន្សំសំច័យបាន 371លានដុល្លារពីខ្ទង់ចំណាយសម្រាប់ទេសចរណ៍ និងកំសាន្តផងដែរ។ ប្រាក់ដែលសន្សំសំច័យបាននេះ អាចប៉ះប៉ូវទៅលើការចំណាយសម្រាប់ជួលបុគ្គលិកបន្ថែមរាប់ពាន់នាក់។
Google មានឈ្មោះល្បីខ្លាំង ទាក់ទិននឹងការផ្ដល់អត្ថប្រយោជន៍ដល់បុគ្គលិក មានដូចជា តុសម្រាប់ធ្វើសរសៃ, សេវាហូបចុក និងសម្រាកកំសាន្តនៅក្នុងក្រុមហ៊ុន។ ប៉ុន្តែ បុគ្គលិកស្ទើរតែទាំងអស់នៃក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ ត្រូវបានតម្រូវឱ្យធ្វើការពីផ្ទះ និងមិនបានទទួលអត្ថប្រយោជន៍ទាំងនេះ ចាប់តាំងពីខែមីនា ឆ្នាំ2020 មកម្ល៉េះ។
យ៉ាងនេះក្ដី Google នៅតែមានគម្រោងសម្រាប់ឱ្យបុគ្គលិកត្រលប់មកធ្វើការក្នុងការិយាល័យវិញ នៅចុងឆ្នាំ2021។ ប្រធានផ្នែកហិរញ្ញវត្ថុ Ruth Porat បានឱ្យដឹងថា តាមផែនការ Google នឹងបញ្ចេញរូបមន្ត «hybrid» ដែលក្នុងនោះនឹងមានការកាត់បន្ថយបរិវេណសម្រាប់បុគ្គលិកផងដែរ។
នៅក្នុងរយៈពេល 3ខែដើមឆ្នាំ Google រកចំណូលបាន 55.3ពាន់លានដុល្លារ កើន 34% បើធៀបនឹង 3ខែដើមឆ្នាំ2020។ ដូច្នេះ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ2021 ក្រុមហ៊ុននេះចំណេញបាន 18ពាន់លានដុល្លារអាមេរិក ខ្ពស់ជាងការព្យាកររបស់ក្រុមអ្នកវិភាគ៕
ប្រភព៖ Bloomberg
ប្រែសម្រួល៖ បុត្រា