Skip to content

Liverpool យល់ព្រម​លើ​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​ដើម្បី​ទិញ Keita ពី​ក្លិប Leipzig

ក្លិប​ហង្ស​ក្រហម Liverpool បាន​យល់ព្រម​លើ​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប​ដើម្បី​ចុះហត្ថលេខា​ជាមួយនឹង Naby Keita មកពី​ក្លិប RB Leipzig ខណៈដែល​ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល​រូបនេះ​នឹង​បំពេញ​ការផ្ទេរ​របស់គេ​ទៅកាន់​កីឡដ្ឋាន Anfield នៅ​ខែកក្កដា ឆ្នាំ2018។

ក្រុម​ហង្ស​ក្រហម បាន​យល់ព្រម​លើទឹក​ប្រាក់​រំលាយ​កិច្ចសន្យា48លាន​ផោន (ស្មើនឹង 62លាន​ដុល្លារ​អាមេរិក) ដើម្បី​អនុញ្ញាត​ឲ្យ​កីឡាករ​វ័យ 22ឆ្នាំ​រូបនេះ​ផ្ទេរ​ចូលមក​នៅ​រដូវក្តៅ​ក្រោយ បូករួម​ទាំង​ប្រាក់​លើកទឹកចិត្ត​ជាច្រើន​ផ្សេងទៀត។ Keita បាន​ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ជា​អាទិភាព​របស់​គ្រូបង្វឹក​នៃ​ក្រុម Liverpool គឺ​លោក Jurgen Klopp នៅ​រដូវក្តៅ​នេះ ប៉ុន្តែ ក្លិប Leipzig បាន​បដិសេធ​ក្នុង​ការលក់​រូបគេ​ចេញ​នៅពេលនេះ។ ការផ្ទេរ​នេះ​នឹង​បំបែក​កំណត់ត្រា​លើ​តម្លៃ​ខ្លួន35លាន​ផោន ដែល Liverpool បាន​ចំណាយ​ទៅ​ឲ្យ​ក្លិប Newcastle ដើម្បី​បំពេញ​ការផ្ទេរ​ខ្សែប្រយុទ្ធ Andy Carroll កាលពី​ឆ្នាំ2011។ ក្លិប RB Leipzig បានបញ្ចប់​ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ2 បន្ទាប់ពី​ក្រុម Bayern Munich នៅលើ​តារាង​ក្របខ័ណ្ឌ Bundesliga កាលពី​រដូវ​កាល​មុន ដែល​មានន័យថា ពួកគេ​បានឈ្នះ​សិទ្ធិ​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ​ចែក​ពូ​ល។

ក្រុម Liverpool បាន​រង​នូវ​ការច្រានចោល​ចំពោះ​សំណើ​ដេញថ្លៃ​ចំនួន2លើក​របស់ខ្លួន​រួចមកហើយ​សម្រាប់​តារា​ឆ្នើម​អន្តរជាតិ​ហ្គី​ណេ​រូបនេះ​នៅ​រដូវក្តៅ​នេះ ខណៈដែល​សំណើ​លើក​ទី2ត្រូវបាន​គេ​ជឿជាក់ថា មានតម្លៃ​ខ្លួន​ដល់​ទៅ70លាន​ផោន ប៉ុន្តែ​បច្ចុប្បន្ន​ការព្រមព្រៀង​គ្នា​មួយ​ត្រូវបាន​ឈានដល់ ស្រប​ពេលដែល Leipzig នឹង​រក្សាទុក​រូបគេ​នៅ​រដូវ​កាល​នេះ ហើយ​លោក Klopp នឹង​ទទួលបាន​រូបគេ​នៅ​រដូវ​កាល​ក្រោយ។

ក្នុង​រដូវ​កាល​មកទល់ពេលនេះ Liverpool បាន​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ​ស្លាប Mohamed Salah ពី​ក្លិប Roma ក្នុងតម្លៃ​ខ្លួន34លាន​ផោន ខ្សែការពារ Andrew Robertson ពី​ក្លិប Hull ក្នុងតម្លៃ​ខ្លួន8លាន​ផោន និង​ខ្សែប្រយុទ្ធ Dominic Solanke ក្រោយពី​កិច្ចសន្យា​របស់គេ​ផុតកំណត់​នៅ​ក្លិប Chelsea៕

ប្រភពពី៖ BBC

Leave a Reply

Your email address will not be published. Required fields are marked *