ថ្ងៃអាទិត្យនេះ យើងនាំគ្នាមកមើលសត្វ ខ្លួនធំៗទាំងឡាយ ដូចជាសត្វចង្រិត ខ្លួនធំប៉ុនមើមការ៉ុត រហូតទៅដល់សត្វក្រពើ ខ្លួនធំប៉ុនរថយន្តក្រុង ជាដើម ដែលសត្វទាំងអស់នេះ មើលទៅហាក់ដូចជាចេញមកពីយុគសម័យបុរាណ និងធ្វើឱ្យអ្នកបានជួបទាំងឡាយ ច្បាស់ជាយល់សប្តអាក្រក់មិនខាន…។
កាលពីថ្ងៃទី14 វិច្ឆិកា វេបសាយ The Sun បានផ្សព្វផ្សាយព៏័ត៌មានមួយថា កាលពីសប្ដាហ៍កន្លងទៅ មានសត្វក្រពើដ៏ធំ ១ក្បាលបានបង្ហាញខ្លួនឡើងនៅកណ្ដាលរដ្ឋហ្វ្លរីដា ធ្វើឱ្យប្រជាជន នាំគ្នាភ័យភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះវាបានចេញមកដើរលេង នៅជុំវិញទីលានវាយកូនហ្គោល ដែលមានឈ្មោះថា បាលេនសៀ ហ្គោល អ៊ែន ខុនទ្រី ក្លិប រហូតធ្វើឱ្យបុគ្គលិកនៅទីនោះ ប្រញាប់នាំគ្នាថតរូបសត្វក្រពើ 1ក្បាលនោះ ហើយផូស្តផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គម ដែលធ្វើឱ្យអ្នកបានឃើញ នាំគ្នាភ្ញាក់ផ្អើលដូចៗគ្នា។
សត្វក្រពើអាមេរិកាំង ដែលគេបានដឹងថា មានទំហំធំបំផុតនោះ ធ្លាប់ត្រូវចាប់បាននៅក្នុងរដ្ឋហ្វ្លរីដា មានប្រវែងបណ្ដោយ 5.1ម៉ែត្រ(វែងជាងទទឹងផ្ទះល្វែង) ហើយអា 1ក្បាលដែលអ្នកស្រុកហ្វ្លរីដា បានឃើញនៅក្នុងទីលានវាយកូនហ្គោលនោះ ក៏មានទំហំ មិនខុសគ្នានឹង អា 1ក្បាលដែលធ្លាប់ចាប់បាន កាលពីមុននោះប៉ុន្មានដែរ។
សត្វយក្សៗ ដែលរស់នៅលើពិភពលោក មានទាំងសត្វដែលចិញ្ចឹមកូនដោយទឹកដោះ សត្វលូនវារ ដែលពេលខ្លះក៏ស្ថិតនៅក្នុងទីស្នាក់អាស្រ័យរបស់ពួកវា តែពេលខ្លះ វាក៏ចូលចិត្ត មកនៅជិតៗមនុស្សយើងដែរ។
គ្រប់ទីកន្លែងលើពិភពលោក តែងតែមានសត្វធំៗស្នាក់អាស្រ័យនៅ គ្រាន់តែយើងមិនបានឃើញវាក្នុងជីវិតប្រចាំថ្ងៃញឹកញាប់ប៉ុណ្ណោះ ដូច្នេះថ្ងៃអាទិត្យនេះ យើងសូមបបួលលោកអ្នកទៅមើលរូបភាពសត្វយក្សៗនៅទូទាំងពិភពលោកទាំងអស់គ្នា នៅពេលនេះតែម្ដង…។