មិនថាអ្នកចង់ទុកសក់ ម៉ូដណាក៏ដោយ តែ គុណសម្បត្តិ ដ៏មានថាមពលមួយ ដែលនឹងធ្វើឱ្យសក់ របស់អ្នកមានមន្តស្នេហ៍ គួរឱ្យឈ្លក់វង្វេង ដោយគ្រាន់តែក្រឡេកឃើញភ្លាមនោះ គឺភាពភ្លឺរលោងរបស់សក់។ សក់ដែលភ្លឺរលោងចាំង ដូចជាកញ្ចក់ គឺជាសក់ដែលមានសុខភាពល្អពីកំណើត និងបានទទួលការថែទាំបំប៉ន យ៉ាងទៀងទាត់ និងជាប់ជានិច្ច តែក៏មានវិធីងាយៗ ដែលអាចធ្វើឱ្យអ្នកមានសក់ភ្លឺរលោងបានដូចបំណងដែរ។ បើចង់ដឹង សូមសាកល្បងធ្វើតាមវិធី 5យ៉ាងដូចខាងក្រោមនេះ ៖
1.លាងសម្អាតសក់ដោយទឹកត្រជាក់
ទោះជាស្រឡាញ់ចូលចិត្តការងូតទឹកក្តៅឧណ្ហៗប៉ុនណាក៏ដោយ តែបើសិនជាចង់បានសក់ដែលស្អាតភ្លឺរលោងជាងមុននោះគឺ បន្ទាប់ពីកក់ហើយ ចូរលាងសម្អាតសក់ដោយទឹកត្រជាក់។ ព្រោះទឹកត្រជាក់ នឹងជួយឱ្យសម្បកក្រៅរបស់សរសៃសក់បន្តឹងខ្លួន ធ្វើឱ្យសក់ ចាំងនឹងពន្លឺដែលជះមកប៉ះ និងក្រៅពីវិធីលាងសម្អាតសក់ដោយទឹកត្រជាក់នេះហើយ ការផ្លុំសក់ដោយខ្យល់ត្រជាក់ ជាលើកចុងក្រោយ បន្ទាប់ពីផ្លុំសម្ងួតសក់ហើយនោះ ក៏ជាការជួយធ្វើឱ្យសក់ កាន់តែភ្លឺរលោងជាងមុន បានមួយកម្រិតទៀតដែរ។
2.លាងសក់ដោយទឹកសាជូរ
ក្រៅពីប្រើទឹកត្រជាក់ៗ លាងសក់ហើយ នៅអាចបន្ថែមភាពភ្លឺរលោង ពីលើនោះទៀត តាមរយ:ការប្រើទឹកសាជូរផ្លែប៉ោម(Apple Cider Vinegar) 1ចំណែក លាយជាមួយទឹក 3ចំណែក (1/3) ហើយប្រើទឹកនេះ លាបលាងក្បាល មុន ឬក្រោយពេលកក់សក់ក៏បាន។ ទឹកសាជូរ នឹងជួយសម្រួលកម្រិត pH របស់សរសៃសក់ និងស្បែកក្បាល លាងសារធាតុដែលនៅជាប់សេសសល់លើសរសៃសក់ចេញ ធ្វើឱ្យស្រោមសរសៃសក់ រាបរលោង និងចាំងពន្លឺបានល្អជាងមុន។
3.ការធ្វើ Glossing Treatment ឬការធ្វើឱ្យភ្លឺរលោង
ការធ្វើ គ្លោស៊ីង ធ្រីតមឹនត៍នេះ អាចធ្វើនៅក្នុងហាងសាឡន ឬអ្នកចង់ទិញទឹកថ្នាំ និងឧបករណ៍យកមកធ្វើដោយខ្លួនឯងនៅផ្ទះក៏បាន។ ប្រើពេលវេលាត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ អ្នកនឹងមានសក់ភ្លឺ រលើបរលោង ស្អាត ទន់មានទម្ងន់ និងជាប់បានយូរជាង 1សប្តាហ៍ទៀតផង។
4.ការលាប ហ៊ែរ៍ សេរ៉ូម (Hair Serum) ក្រោយពេលកក់សក់
បន្ទាប់ពីកក់សក់រួចហើយ ពេលដែលសក់ នៅសើមៗ មិនទាន់ស្ងួតល្អនោះ សាកល្បងលាប “ហ៊ែរ៍ សេរ៉ូម” លើសរសៃសក់ រួចទុកឱ្យសេរ៉ូម បានជ្រាបចូលទៅស្រោបសរសៃសក់ ឱ្យសព្វពេញក្បាល។ បន្ទាប់ពីនោះ ក៏ជូតសក់ឱ្យស្ងួតតាមប្រក្រតី តែលើកនេះហើយ ដែលអ្នកនឹងមានអារម្មណ៍ដឹងថា សក់ឡើងទន់ជាងមុន ងាយស្រួលសិត ដោយគ្រាន់តែបង្អូសក្រាសកាត់ភ្លាម សក់នឹងរាបស្មើ និងភ្លឺរលោង ស្អាតភ្លាមឡើងតែម្តង។
5.បាញ់ស្ព្រៃយ៍ បង្កើនភាពភ្លឺរលោង
បង្កើនភាពភ្លឺរលោង ដល់សរសៃសក់ តាមផ្លូវកាត់ដ៏ខ្លីបំផុត ជាមួយនឹងការប្រើស្ប្រៃយ៍ បង្កើនភាពភ្លឺរលើបរលោង។ បាញ់ បែបប្រោះៗ ពីលើសរសៃសក់ ឱ្យទឹកថ្នាំចូលទៅស្រោបសរសៃសក់ និងចាំងភ្លឺយ៉ាងស្រស់ស្អាត ហើយស្ព្រៃយ៍ខ្លះ ថែមទាំងមានក្លិនក្រអូប បង្កើនមន្តស្នេហ៍កាន់តែខ្លាំងឡើងទៀតផង៕