បុរសជាច្រើន ចូលចិត្តតែនារី ដែលមានសក់វែងរំសាយ ហើយសក់វែងនេះ ក៏ជាមន្តស្នេហ៍មួយដែលបញ្ជាក់ពីភាពជាសុភាពនារី របស់ពួកយើងជាស្រីៗដែរ ដូច្នេះបើនារីៗណា ចង់ឱ្យសក់ឆាប់វែង តាមបែបធម្មជាតិនោះ សូមសាកល្បងអនុវត្តតាមវិធីជំរុញ ឱ្យសក់ឆាប់ដុះវែង តាមបែបធម្មជាតិដូចខាងក្រោមនេះ :
-ប្រមូលសារធាតុអាហារ ដែលសំខាន់ចំពោះសរសៃសក់
សារធាតុអាហារ ដែលសំខាន់បំផុតចំពោះការដុះលូតលាស់របស់សរសៃសក់ ច្រើនតែបង្កប់នៅក្នុងអាហារដែលយើងញ៉ាំរាល់ថ្ងៃហ្នឹងឯង ដូច្នេះត្រូវញ៉ាំអាហារណា ដែលសម្បូរដោយ ប្រូតេអ៊ីន ព្រោះវានឹងជួយបង្កើនភាពរឹងមាំដល់សរសៃសក់ទាំងមូល មិនធ្វើឱ្យសក់ផុយស្រួយ ងាយដាច់ជ្រុះឡើយ។ អាហារដែលសម្បូរប្រូតេអ៊ីន មានដូចជា : សណ្តែក សាច់សត្វ យ៉ាអួ និងតៅហ៊ូ ជាដើម ហើយគួរតែទទួលទានបន្ថែមនូវសារធាតុខ្លាញ់ល្អ ដែលមាននៅក្នុងផ្លែប៊័រ និងខ្លាញ់ត្រី ពីសាច់ត្រីសាល់ម៉ុន និងត្រី ម៉ាក់ឃើរេល (ត្រីសាបាក់) ផងដែរ។ ក្រៅពីនេះ អ្នកគួរឱ្យរាងកាយទទួលបាននូវសារធាតុដែក រួមទាំងវីតាមីនC និង B រួមជាមួយផង ព្រោះសារធាតុអាហារទាំងនេះ នឹងជួយឱ្យសក់របស់យើងរឹងមាំ មានសុខភាពល្អ មិនបែកចុង ឬចុះខ្សោយ ឆាប់ដាច់ជ្រុះឡើយ។ អាហារដែលសម្បូរសារធាតុ
អាហារល្អៗទាំងនោះ មានដូចជា សណ្តែក គ្រាប់ធញ្ញជាតិ អង្ករស្រូវសាលី ផ្លែគីវី បន្លែស្លឹកពណ៌បៃតង ម្ទេស ស៊ុតក្រហម និងគ្រំអយស្ទ័រហ្នឹងឯង។
-តម្រឹមសក់ រៀងរាល់ 2ខែម្តង
មនុស្សជាច្រើន មិនហ៊ានកាត់តម្រឹមចុងសរសៃសក់ឡើយ ព្រោះខ្លាចសក់ក្រដុះវែង តែការពិតវិញ បើអ្នកមិនព្រមទៅកាត់តម្រឹមសក់ រៀងរាល់ 5 – 8សប្តាហ៍ម្តងទេនោះ សក់របស់អ្នកនឹងរឹតតែស្ងួត បែកចុងឡើងរៀងរាល់ថ្ងៃ ហើយសក់បែកចុង ដែលមិនត្រូវបានកម្ចាត់ចោលនោះ នឹងកាន់បន្តបែក ដេញឡើងមករកគល់សក់ជារឿយៗ ជាហេតុធ្វើឱ្យសរសៃសក់ មិនបានដុះវែងដូចបំណង និងបញ្ហាមួយទៀត គឺសក់ស្ងួត បែកចុងនេះ ថែមទាំងធ្វើឱ្យសក់របស់អ្នកមើលទៅផុយ ខ្សោយ និងឡើងសំពោង គ្មានទម្ងន់ទៀតផង។
-ធ្វើម៉ាស្សាស្បែកក្បាល ជំរុញចលនាឈាមរត់
តើអ្នកដែលសង្កេតមើលទេថា ពេលដែលយើងទៅកក់សក់នៅហាងធ្វើសក់ ជាងកក់សក់តែងតែធ្វើម៉ាស្សាក្បាលរបស់យើង ខណ:ពេលបំពោកគ្រីមម៉ាស្សាសក់គ្រប់ពេល។ ព្រោះថា ការម៉ាស្សាស្បែកក្បាលនឹងជួយជំរុញចលនាឈាមរត់នៅម្តុំស្បែកក្បាល ដែលហុចផលឱ្យសរសៃសក់មានសុខភាពល្អឡើងតាមនោះដែរ។ ដូច្នេះនៅរៀងរាល់ពេលកក់សក់ ចូរអ្នកយកម្រាមដៃឈ្លីស្បែកក្បាល ដោយដេញចាប់ពីម្តុំកញ្ចឹងក ឡើងរហូតមកដល់គល់សក់ផ្នែកខាងមុខ ប្រមាណជា 2- 3នាទី ក៏គ្រប់គ្រាន់ហើយ។