តើអ្នកនាងកញ្ញាទាំងឡាយ ដឹងទេថា ក្រៅពីមុខស្អាតៗរបស់យើង ដែលមានសម្រាប់ ឱ្យបុរសៗឈ្លក់វង្វេងហើយនោះ ក្លិនខ្លួនក៏ជារឿងមួយ ដែលសំខាន់មិនចាញ់គ្នាប៉ុន្មានឡើយដែរ ព្រោះបុរសៗសម័យនេះ គេប៉ិនចាំចាប់កំហុសនារីៗដូចពួកយើងខ្លាំងណាស់ តែវាក៏ជារឿងមួយត្រឹមត្រូវដែរ ដែលថា ពួកកំលោះៗ ប្រហែលជាមិនចង់បានសង្សារ ដែលមានក្លិនខ្លួន មិនគួរឱ្យបេតីនោះទេ។
បញ្ហានៃការកើតមានក្លិនខ្លួន ឬក្លឹនក្លៀកនេះ វាបណ្តាលមកពីច្រើនមូលហេតុ តែរឿងដែលនៅកៀកបង្កើយនឹងខ្លួនយើងបំផុតនោះ គឺប្រហែលជារឿង “ញើស” ហើយមើលទៅ ព្រោះថា ញើសនេះវាមានអាហារដែលមេរោគបាក់តេរីត្រូវការ។ ពេលញើសចេញមកភ្លាម បណ្តាមេរោគបាក់តេរីទាំងឡាយ ក៏មករោមស៊ីញើសភ្លែត រួចថែមទាំងរំលាយ ចេញមកជាក្លិនឃ្មឹសៗ សាយភាយឡើង ធ្វើឱ្យនារីៗយើង ខ្មាស់គេទៀតផង។ ធ្ងន់ធ្ងរជាងនោះទៅទៀតគឺ បើញើសចេញមកច្រើន វាថែមទាំងបានបន្សល់ទុកនូវស្នាមប្រឡាក់សើមៗ នៅលើអាវទៀតផង ។
អូខេ! ដឹងតែត្រឹមប៉ុណ្ណឹង វាសែនរន្ធត់ញាប់ញ័រ ណាស់ទៅហើយ…តែ នារីៗទាំងឡាយ កុំអាលភ័យអី យើងមានវិធីរម្ងាប់ញើស និងក្លិនឱ្យបាត់ឈឹង មកជម្រាបជូនដូចតទៅ ៖
-ជ្រើសរើសស្លៀកពាក់ខោអាវណា ដែលទូលាយ ស្រឡះ ស្តើង និងមិនរឹបខ្លួន ណែនជ្រុលពេក ដើម្បីឱ្យខ្យល់ចេញចូលបានងាយស្រួល។
-ងូតទឹក 1ថ្ងៃយ៉ាងតិច 2ដង និងសង្កត់ធ្ងន់លើការដុសសាប៊ូនៅត្រង់ប្រឡោះក្លៀក ឱ្យបានស្អាត។
-កោររោមក្លៀកជាប្រចាំ មិនគួរបណ្តោយឱ្យដុះស្រមេមស្រមាមឡើយ ព្រោះវា គឺជាដើមហេតុនៃភាពសើមអាប់ និងថែមទាំងជាកន្លែងបណ្តុះមេរោគបាក់តេរី ទៀតផង។
-កាត់បន្ថយ ឬតមការញ៉ាំអាហារណា ដែលមានក្លិនឈួលខ្លាំង ដូចជា ខ្ទឹមបារាំង ខ្ទឹមក្រហម ខ្ទឹមស-ល- ព្រោះអាហារទាំងនេះ គឺជាអ្នកជំរុញ ឱ្យក្លិនខ្លួនរបស់អ្នកកើតឡើង។
-កាត់បន្ថយការញ៉ាំភេសជ្ជៈដែលមានជាតិ កាហ្វេអ៊ីន ដូចជា ទឹកតែ កាហ្វេ ទឹកភេសជ្ជៈកំប៉ុង និងស្រាផងដែរ។
-ឈប់ជក់បារី ក្លិនក៏ឈប់តាមមកដែរ។
-ចុងក្រោយ ចូរកុំភ្លេចប្រើ Roll on (ប្រដាប់លាបបំបាត់ក្លិនក្លៀក) ដែលអាចជួយការពារញើស និងក្លិនខ្លួនបានយ៉ាងល្អ។
ចូរមើលថែក្លិនខ្លួនរបស់យើង ឱ្យបានក្រអូប និងស្រស់ថ្លាជានិច្ច ដើម្បីកុំឱ្យកំលោះៗ គេនាំគ្នាបែរខ្នងដាក់ និងយកទៅនិយាយដើមបាន៕