ការកែសម្រួលទង្វើរឿងអាហារការហូបចុកមួយចំនួន មើលទៅហាក់ដូចជារឿងតូចតាចកំប៉ិកកំប៉ុកទេ តែវាហុចលទ្ធផលឱ្យយើងក្នុងរឿង សម្រកទម្ងន់ និងធ្វើឱ្យរូបរាងស្អាតបាន យ៉ាងធំធេង។
1. ពិនិត្យមើលនិស្ស័យការហូបចុករបស់ខ្លួនឯង : ដូចជា មានចូលចិត្តញ៉ាំអាហារនៅពេលយប់ ឬចូលចិត្តញ៉ាំអាហារក្នុងពេលធ្វើម្ហូប ឬក៏អត់? ឬក៏ចូលចិត្តញ៉ាំអាហារ ទាល់តែអស់ៗពីចានដែរឬទេ?។ ពេលពិនិត្យមើល រហូតដឹងពីចំណុចខ្សោយរបស់ខ្លួនឯងហើយ អ្នកពិតជាអាចកាត់បន្ថយ ឬតមអាហារណា ដែលមានកាឡូរីខ្ពស់ បានយ៉ាងងាយស្រួលមិនខាន។
2. ទៅដើរទិញម្ហូបអាហារ នៅពេលពោះឆ្អែត : ទាំងអស់គ្នាប្រហែលជាយល់ស្របដូចគ្នាមិនខានថា បើចេញទៅរកទិញអីវ៉ាន់ញ៉ាំ ពេលពោះទទេរ មិនទាន់បានញ៉ាំអីនោះ ច្រើនតែធ្វើឱ្យយើងទិញចំណីអាហារមកច្រើនតាមមាត់ឃ្លាន តាមចិត្តចង់ តែផ្ទុយទៅវិញ បើយើងទៅដើរទិញឥវ៉ាន់ ពេលពោះឆ្អែតនោះ យើងនឹងមានការរិះគិតច្រើនជាងមុន ក្នុងការចាប់យកអីវ៉ាន់មកដាក់ក្នុងកន្ត្រក។
3. អង្គុយញ៉ាំ និងញ៉ាំអាហារនៅក្នុងចាន : មានការសិក្សាស្រាវជ្រាវមួយ បានរកឃើញថា ការញ៉ាំអាហារកញ្ចប់ និងឈរញ៉ាំផងនោះ នឹងធ្វើឱ្យយើងញ៉ាំអាហារបានច្រើនជាងការអង្គុយញ៉ាំអាហារនៅក្នុងចាន លើតុបាយ ព្រោះការឈរញ៉ាំអាហារនៅក្នុងកញ្ចប់ ឬក្នុងប្រអប់នេះ នឹងធ្វើឱ្យយើងញ៉ាំយ៉ាងភ្លេចខ្លួន(ចូរប្រយ័ត្នចំណុចនេះ)។
4. ដួសអាហារដាក់ចានផ្ទាល់ខ្លួន : បើអ្នកកំពុងគ្រប់គ្រងទម្ងន់ខ្លួន(សម្រកទម្ងន់)នោះ ចូរសាកល្បងដួសអាហារដែលបម្រុងនឹងញ៉ាំ ក្នុងបរិមាណ ដែលគិតថាឆ្អែតល្មម មកដាក់ក្នុងចានរបស់ខ្លួន(ដែលមានទំហំតូចជាងចានរបស់អ្នកឯទៀត) និងមិនដួសម្ហូបអាហារផ្សេងៗទៀត មកដាក់ញ៉ាំរួមជាមួយគេឡើយ។ ព្រោះម្ហូបអាហារដែលឃើញនៅនឹងមុខនេះ នឹងធ្វើឱ្យយើង នឹកចង់តែដួសញ៉ាំជានិច្ច។
5. រៀបផែនការ សម្រាប់អាហារញ៉ាំលេង : ការញ៉ាំចំណីអាហារ ដែលបែងចេញជាពេលតូចៗនោះ ល្អក្នុងការដុតបំផ្លាញរបស់រាងកាយ ដូច្នេះយើងគួររៀបចំចំណីអាហារ ញ៉ាំពេលទំនេរ ដែលមានកាឡូរីទាប និងល្អចំពោះរាងកាយទុករួចជាស្រេច ដើម្បីកុំឱ្យទៅស្រវាយកចំណីណា ដែលមានកាឡូរីខ្ពស់ មកញ៉ាំនៅពេលឃ្លាន។
យើងមកនាំគ្នាផ្លាស់ប្តូរ និងកែសម្រួលរឿងតូចតាចខាងលើនេះ ដើម្បីលទ្ធផលដ៏គួរជាទីពេញចិត្តសម្រាប់រូបរាងយើងទាំងអស់គ្នា៕