ការព្រមបើកបេះដូង ឱ្យឱកាសថ្មីៗ ដើរចូលមកក្នុងជីវិតម្តងទៀត មិនមែនជារឿងខាតបង់នោះទេ តែត្រូវគិតត្រិះរិះ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការសម្រេចចិត្តលើកនេះរបស់អ្នក មិនប៉ះពាល់ផ្លូវចិត្តរបស់ “កូន”។
រៀបការម្តងទៀតល្អដែរទេ? រៀបការពេលកូននៅតូចៗ ឬក៏រង់ចាំឱ្យកូនធំបន្តិចទៀតសិន? រៀបការហើយកូននឹងមានបញ្ហាដែរឬទេ? មានសំនួរជាច្រើន បានសាងនូវក្តីលំបាកចិត្តចំពោះស្ត្រី ដែលមានតែខ្លួនឯង និងកូន ហើយគិតចង់កែសម្រួល គ្រោងសាងគ្រួសារជាថ្មី។
រឿងបែបនេះ ឡារ៉ែនសូមប្រាប់បានតែ 1ម៉ាត់ទេថា ចូរគិតឱ្យបានច្រើន គិតឱ្យបានល្អិតល្អន់ កុំប្រញាប់ធ្វើអ្វីតាមអារម្មណ៍នឹកចង់ឱ្យសោះ ព្រោះការសម្រេចចិត្តលើកនេះរបស់អ្នក ច្បាស់ជាហុចផលប៉ះពាល់ដល់កូនដោយផ្ទាល់មិនខាន។
រៀបការម្តងទៀត ល្អដែរទេហ្ន៎?
ទោះជាការរៀបការម្តងទៀត ជាសិទ្ធិរបស់អ្នកផ្ទាល់ក៏ដោយ តែប្រាកដណាស់ថា រឿងដំបូងគេដែលអ្នកត្រូវនឹកដល់នោះ គឺកូន។ ស្ត្រីដែលមានតែខ្លួនឯង និងកូន ច្រើនតែប្រាប់ថា ចាំឱ្យកូនធំបន្តិចទៀត សឹមគិតរៀបការម្តងទៀត ដែលការនិយាយបែបនេះ មួយផ្នែក គឺជាលទ្ធផលមកពី ការរាងចាល ពីបញ្ហាដែលធ្លាប់ជួបកាលពីជីវិតគូកន្លងមក ទើបត្រូវបិទទ្វារបេះដូង លែងទទួលយកអ្នកណាទៀត…តែដូចថាអ៊ីចឹង…ដោយសារតែជោគវាសនាជតាព្រហ្មលិខិត នឹងចូលមកបែបណានោះ គ្មាននរណាដឹងមុនឡើយ ហើយបើចៃដន្យថ្ងៃណាមួយ ជីវិតប្រែប្រួល មានព្រះអង្គម្ចាស់ជិះសេះស ចូលមកក្នុងជីវិត រហូតដល់ត្រូវគិតដល់រឿងរៀបការម្តងទៀតនោះ តើឱ្យធ្វើម៉េចទៅ?
ការសម្រេចចិត្តរៀបការម្តងទៀត មិនមែនជាការខាតបង់អ្វីឡើយ សំខាន់អ្នកត្រូវអធិប្បាយ ឱ្យអនាគតស្វាមី យល់អំពីបន្ទុក និងតួនាទីនៃភាពជាម្តាយ ដែលមានជាប់នឹងខ្លួនអ្នកឱ្យបានច្បាស់ថា តើគេអាចទទួលយកបាន និងយល់ព្រមក្នុងការស្រឡាញ់ និងមេត្តាកូនរបស់អ្នក ដូចដែលគេស្រឡាញ់រូបអ្នកដែរឬទេ?។ បើគ្រប់យ៉ាងអូខេ ក៏អាចសម្រេចចិត្តបាន…តែ សំណួរបន្ទាប់គឺ តើនឹងរៀបការឱ្យហើយតាំងពីពេលកូននៅតូច ឬរង់ចាំឱ្យកូនធំសិនល្អជាង?
បើកូននៅតូចមិនទាន់ដឹងក្តីនោះ ចូរគិតថា ជាឱកាសដែលស័ក្តិសមល្អ ក្នុងការឱ្យ “អ្នកមកដល់ថ្មី” បានចូលមកទទួលតួនាទីជាឪពុកបន្តបាន យ៉ាងមិនចាំបាច់អៀនប្រៀនឡើយ សុំត្រឹមតែឱ្យគេស្រឡាញ់ និងមេត្តាដល់កូនរបស់យើងយ៉ាងពិតប្រាកដតែប៉ុណ្ណោះ។
តែបើរៀបការម្តងទៀត ពេលដែលកូនចាប់ផ្តើមដឹងក្តី អាចនឹងបញ្ចេញប្រតិកម្មតបត និងឆ្លើយឆ្លងបានយ៉ាងល្អហើយនោះ អ្នកម្តាយចាំបាច់ត្រូវប្រើសិល្បៈក្នុងការអធិប្បាយពន្យល់បន្តិចហើយ រួមទាំងត្រូវប្រើភាពអំណត់អត់ធន់ និងផ្តល់ពេលវេលាក្នុងការកសាងសម្ព័ន្ធភាពរវាងឪពុកថ្មី ជាមួយកូនចិញ្ចឹមទៀតផង។
ត្រៀមខ្លួនទប់ទល់ជាមួយរឿងរញេរញ៉ៃឱ្យរួចជាស្រេច
ប្រាកដណាស់ថា ក្រោយពីអ្នកសម្រេចចិត្តរៀបការលើកទី2 នោះមានន័យថា នឹងមានមនុស្សម្នាក់ទៀត ដែលប្រៀបដូចជាមនុស្សប្លែកមុខ(សម្រាប់កូន) ចូលមកជាផ្នែកមួយរបស់គ្រួសារ ហើយបុរសម្នាក់នោះ ហាក់ដូចជាស្និទ្ធស្នាលជាមួយម៉ាក់មែនទែន។ ក្នុងទស្សនៈរបស់កូន កូនអាចនឹងគិតថា ម៉ាក់នឹងស្រឡាញ់បុរសម្នាក់នេះ ខ្លាំងជាងយើងទេដឹង? ម៉ាក់ច្បាស់ជាលែងស្រឡាញ់យើងទៀតហើយ ម៉ាក់លែងត្រឡប់មកជានាគ្នា ជាមួយប៉ាវិញហើយឬ? ចូរកុំបណ្តោយឱ្យសំនួរទាំងនេះ នៅដក់វិលវល់ក្នុងចិត្តកូនឱ្យសោះ អ្នកគួរតែ…៖
និយាយជាមួយកូនឱ្យយល់ កុំគិតថា កូននៅតូចមិនដឹងរឿងរ៉ាវអ្វីនោះ
ក្មេងខ្លះគិតច្រើនជាងមនុស្សធំទៅទៀត អ្វីដែលសំខាន់ គឺការប្រាប់ ឬអធិប្បាយពីដំណើររឿងដែលកើតឡើងនៅក្នុងផ្ទះ ឱ្យកូនបានដឹង និងយល់ ដែលវានឹងជួយឱ្យកូនមិនមានអារម្មណ៍ថា ត្រូវបានបំបែកចេញពីរូបអ្នក។
សាងភាពជឿជាក់ដល់កូន
រឿងសំខាន់គឺ អ្នកម្តាយខ្លួនឯងត្រូវផ្តល់ភាពជឿជាក់ក្នុងចិត្តដល់កូនថា អ្នកនៅតែស្រឡាញ់គេដូចមុនដដែល ការដែលម៉ាក់មានប៉ាថ្មីនេះ មិនអាចផ្លាស់ប្តូរអារម្មណ៍ ដែលម៉ាក់មានចំពោះកូនបានទេ…ក្តីស្រឡាញ់ដែលម៉ាក់មានចំពោះកូន នឹងនៅស្ថិតស្ថេររហូតទៅ។
ទុកពេលវេលាឱ្យក្នុងការសម្របសម្រួលខ្លួន
នៅពេលដែលអ្នកម្តាយចាប់ផ្តើមស្គាល់បុរសថ្មីម្នាក់ និងមានផែនការថា អនាគតអាចនឹងរៀបការជាមួយគ្នាផងនោះ អ្នកម្តាយគួរតែមានកិច្ចការងារប្រចាំថ្ងៃ ដែលអាចធ្វើរួមគ្នារវាង រូបអ្នក កូន និងបុរសថ្មីម្នាក់នោះ ដើម្បីឱ្យបានស្គាល់ចិត្តស្គាល់ថ្លើមគ្នា និងមានសម្ព័ន្ធភាពល្អៗជាមួយគ្នា និងជាពិសេសទុកឱកាសឱ្យកូន និងអ្នកថ្មីនោះ បានសម្របសម្រួលខ្លួនចូលគ្នាផង៕
ដោយ អ្នកគ្រូ ឆវី