Kattenstoet ពិធីបុណ្យសត្វឆ្មា មហាចម្លែក ជា “រដូវកាលធ្វើបាបសត្វឆ្មា ដ៏ល្បីល្បាញបំផុតរបស់ប្រទេសបែលហ្ស៊ិក ដែលមានប្រភពកំណើតយ៉ាងឃោរឃៅ”
រដូវកាលដែលមានរឿងរ៉ាវខ្លឹមសារ ពាក់ព័ន្ធនឹងសត្វឆ្មា នៅលើពិភពលោកនេះ មានច្រើនកន្លែង និងបានទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាយ៉ាងច្រើន ដែលមានន័យស្មើនឹងចំនួនទឹកប្រាក់ ដែលជាចំណូលរបស់អ្នកនៅក្នុងទីក្រុង និងអ្នករៀបចំពិធីនៅតាមតំបន់ទាំងនោះ។
រដូវកាល ដែលមានប្រភពយ៉ាងច្បាស់លាស់មួយនេះ បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ នោះគឺរដូវកាលធ្វើបាបសត្វឆ្មា ដែលមានឈ្មោះថា Kattenstoet នៅក្នុងទីក្រុង Ypres ក្នុងប្រទេសបែលហ្ស៊ិក ដែលបានរៀបចំឡើង ជាង 60ឆ្នាំមកហើយ។
ក្បួនដង្ហែ ត្រូវបានរៀបចំឡើងជាផ្លូវការយ៉ាងស្រស់ស្អាត និងជាលើកដំបូង នៅឆ្នាំ1950 បន្ទាប់ពីនោះ ពួកគេ ក៏បានរៀបចំឡើង ជារឿយៗរហូតមក រៀងរាល់ 3ឆ្នាំម្ដង និងទទួលបានការពេញនិយម ជារឿយៗរហូតមកដែរ។
ចំនួនអ្នកមកទស្សនា បានកើនឡើងច្រើនទៅៗ សាងភាពអ៊ឹកធឹកហ៊ឹកហ៊ាក់ ដល់ប្រជាជនក្នុងស្រុកយ៉ាងខ្លាំង។
ប៉ុន្តែ ចំណុចចាប់ផ្ដើមរបស់ពិធីបុណ្យនេះ ពោរពេញដោយភាពកាចសាហាវ និងឃោរឃៅ និងចាប់កំណើតឡើង ដោយ ប្រុសកំលោះៗ 1ក្រុម ដែលបានរៀបចំការដង្ហែសត្វឆ្មាឡើង នៅឆ្នាំ1938 ដោយម្នាក់ៗមានកាន់តុក្កតារូបឆ្មានៅក្នុងដៃគ្រប់ៗគ្នា។
នៅពេលពួកគេទៅដល់ព្រះវិហារ ដែលបានត្រៀមពិធីទុកមុនរួចហើយនោះ ក្មេងប្រុសម្នាក់បានឡើងទៅលើប៉មជួង របស់ព្រះវិហារ ហើយបោះតុក្កតារូបឆ្មានោះចុះមកក្រោម…។
មានសំណួរកើតឡើងថា តើហេតុអ្វី បានជាពួកគេត្រូវធ្វើបែបនោះ? ដើម្បីឱ្យបានដឹង សូមមិត្តអ្នកអាន ថយត្រឡប់ទៅក្រោយវិញ ជាមួយរឿងរ៉ាវដ៏ចម្លែកមួយនេះ ជាមួយយើងទាំងអស់គ្នា។
ចាប់ផ្ដើមរឿងរ៉ាវ ពីយុគសម័យកណ្ដាលរបស់អឺរ៉ុប…ជាធម្មជាតិរបស់មនុស្សក្នុងសម័យនោះ មិនបានចិត្តល្អជាមួយសត្វ ឬនិយមចិញ្ចឹមសត្វ ដូចមនុស្សសម័យបច្ចុប្បន្នទេ ជាពិសេសសត្វឆ្មាតែម្ដង ដោយសារតែពួកគេគិតថា សត្វឆ្មា ជាសត្វដែលតំណាងឱ្យបិសាច និងសភាវអាក្រក់។ នាយុគសម័យដែលមានការតាមប្រមាញ់មេធ្មប់ សត្វឆ្មាត្រូវបានពួកគេតាមប្រមាញ់ និងសម្លាប់អស់ជាច្រើនក្បាល។ សត្វឆ្មា ត្រូវបានមនុស្សចាប់ឃុំឃាំងនៅក្នុងទ្រុង ហើយបោះចូលទៅក្នុងភ្នក់ភ្លើង។ អូ!! មិនមែនជាការអាំងសត្វឆ្មាហូបទេ តែជាការគំរាម បំភ័យ ឱ្យសត្វឆ្មាខ្លាច ខណៈដែលសត្វឆ្មាវិញ នាំគ្នាភ័យរន្ធត់ និងស្រែកយំយ៉ាងគ្រលួច។
នៅពេលភ្នក់ភ្លើងរលត់អស់ មនុស្សម្នាទាំងនោះ ក៏នឹងប្រមូលផេះនៅក្នុងភ្នក់ភ្លើងនោះ យកទៅផ្ទះ ដែលពួកគេមានជំនឿថា ការរក្សាទុកផេះទាំងនោះ គឺដើម្បីលាភសំណាង។
គំនិតដ៏សែនមហាចម្លែកនេះ នៅមានទៀត ដូចជាពេលខ្លះ មានការចាប់សត្វឆ្មាដាក់ក្នុងថង់សំណាញ់ ហើយទម្លាក់លើពីទីខ្ពស់ ធ្វើឱ្យឆ្មាភ័យខ្លាច ហើយពួកគេ ក៏នាំគ្នាអស់សំណើច សើចចំអកយ៉ាងក្អាកក្អាយ ដែលគេជឿថា ទាំងអស់នេះ គឺដើម្បីជាការបណ្ដេញបិសាចចង្រៃ។
ករណីដែលកើតឡើងនៅក្នុងទីក្រុង Ypres ក៏ដូចគ្នាដែរ វាជាទំនៀមទម្លាប់វប្បធម៌ ដែលបន្សល់តៗគ្នាមកតាំងពីយុគសម័យកណ្ដាល ក្នុងរឿងជំនឿដែលពាក់ព័ន្ធនឹងសត្វឆ្មា៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួល៖ ទិទីតំតាតូ