Telegram គឺជាកម្មវិធី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយបងប្អូនជនជាតិរុស្ស៊ី 2រូប ដែលមានឈ្មោះថា Pavel និង Nikolai Durov។ កម្មវិធីនេះ ក៏អាចប្រើប្រាស់បាននៅលើប្រព័ន្ធប្រតិបត្តិការជាច្រើនដែរ ដូចជា iOS, macOS, Android, Windows Phone, Windows, និង Linux។
បច្ចុប្បន្នកម្មវិធីផ្ញើសារ Telegram កំពុងពេញនិយមប្រើប្រាស់ជាសាធារណៈ ឬតាមក្រុមហ៊ុនអាជីវកម្ម និងអង្គភាពនានាជាដើម ហើយនោះ ក៏ព្រោះតែភាពងាយស្រួលប្រើប្រាស់របស់វា ទាំងទំនាក់ទំនងគ្នាទៅវិញទៅមក ការផ្ទេររូបភាព វីដេអូ ឬឯកសារផ្សេងៗ បានក្នុងទំហំធំទៀតផង តែដោយសារតែការនិយមប្រើប្រាស់នេះ ទើបមានមតិជាច្រើនបានចោទសួរឡើងថា តើកម្មវិធីនេះមានសុវត្ថិភាពដែរឬទេ?
បើនិយាយពីសុវត្ថិភាព Telegram មានមុខងារការពារទិន្នន័យ (encryption) 2ស្រទាប់ (two layers encryption) ដើម្បីការពារទិន្នន័យរបស់អ្នកប្រើប្រាស់ មិនឱ្យជនទី3 ប្រើប្រាស់ទិន្នន័យនោះបានទេ បើទោះមានករណីលួចយកទិន្នន័យដោយប្រការណាមួយក៏ដោយ ប៉ុន្ដែចំណុចដែលមិនទាន់មានសុវត្ថិភាពពេញលេញនោះ គឺថា រាល់ការជជែករបស់អ្នកប្រើប្រាស់ជាស្វ័យប្រវត្តិលើ Telegram គឺមិនមានការបម្លែងទិន្នន័យទេ ទាល់តែអ្នកប្រើបើកមុខងារជជែកជាសម្ងាត់ (secret chat) ទើបប្រព័ន្ធចាប់ផ្ដើមធ្វើការការពារទិន្នន័យ (client to client encryption) ខុសពីកម្មវិធីផ្ញើសារ WhatsApp ដែលមានមុខងារនេះជាស្វ័យប្រវត្តិរាល់ការជជែកនានា។
Telegram បានចាប់យកទិន្នន័យរបស់អ្នកប្រើប្រាស់មួយចំនួន ដោយរក្សាទុកត្រឹមរយៈពេល ១២ខែ ដែលរួមមានដូចជា អាសយដ្ឋានអ៊ីនធឺណិត (IP Address), ឧបករណ៍ដែលចូលទៅប្រើប្រាស់គណនី, ឈ្មោះគណនីចាស់ៗធ្លាប់បានប្ដូរ និងទិន្នន័យដទៃផ្សេងទៀត។
បើជាធ្លាប់មានគេវាយលុកប្រព័ន្ធនេះខ្លះក្ដី តែទោះយ៉ាងណា ក៏Telegram នៅតែជាកម្មវិធីល្អជាងគេមួយ បើធៀបនឹង WhatApps ឬ Messenger ជាដើម និងតាមរយៈការកំណត់ប្រព័ន្ធការពារឱ្យបានត្រឹមត្រូវជាមុននោះ Telegram អាចជាកម្មវិធីផ្ញើសារដ៏ល្អមួយ សម្រាប់ការធ្វើទំនាក់ទំនងជាមួយមិត្តភក្តិ ក្រុមគ្រួសារបាន៕