ប្រសិនបើ ៨០% នៃអ្នកប្រើ Facebook លើ iPhone អាប់ឌែតឡើងទៅ iOS 14.5 របស់ Apple នោះក្រុមហ៊ុន Facebookអាចនឹងបាត់បង់ចំណូលខ្ទង់ 2ប៊ីលានដុល្លារ(នៅត្រីមាស2 ឆ្នាំ2021 ខាងមុខនេះ)។ ទឹកប្រាក់ខាងលើនេះ បានមកពីលទ្ធផលនៃការគណនាចំណូលសរុបហ្វេសប៊ុក កាលពីត្រីមាសទី4 ឆ្នាំមុន។ នេះបើយោងតាមការគណនាពីក្រុមអ្នកជំនាញផ្នែកទិន្នន័យអឺរ៉ុប។
ថ្មីៗនេះ iOS14.5 បានប្រកាសចេញផ្លូវការ កាលពីថ្ងៃទី27 មេសាកន្លងទៅ ដែលនេះគឺជាចំណុចរសើបមួយរបស់ Facebook ដោយសារតែហ្វេសប៊ុកជាក្រុមហ៊ុនផ្តល់ជូននូវសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញដ៏ធំជាងគេ។ ទិន្នន័យដែលពួកគេយកទៅប្រើប្រាស់ត្រូវបាន Apple បកអាក្រាតថា បានមកពីការលួចយក ឬតាមដានទម្លាប់អ្នកលេងហ្វេសប៊ុក។
Apple មានគោលការណ៍តាំងពីដើមមក គឺគោរពសិទ្ធិអ្នកប្រើ ដូចដែលពាក្យស្លោកប្រចាំត្រកូលរបស់គេថា «Privacy, That’s iPhone» ។ ដូច្នេះ Apple សង្ឃឹមថា អ្នកប្រើនឹងអាប់ឌែត ទៅ iOS 14.5 នឹងចុចយកពាក្យថា No ព្រោះកាលណាអ្នកប្រើអាប់ឌែតឡើងទៅ iOS 14.5 ហើយនោះ ពួកគេនឹងមានជម្រើស2 គឺចង់ «បិទ ឬ បើក» មុខងារ App Tracking Transparency ដែលក្នុងនោះ Apple ក៏មានបង្កប់ការបិទមុខងារសម្ងាត់ 1ទៀតដែរ គឺ access a device ID ឬពាក្យពេញ Identifier for Advertisers-IDFA ដែលកន្លងមកហ្វេសប៊ុកសម្ងំទាញយកអស់ជាច្រើនឆ្នាំហើយ។
សូមរំឭកផងដែរថា អ្នកប្រើហ្វេសប៊ុកលើ iPhone ច្រើនជាង ៩០% ឯណោះ ដែលគិតតែនៅលើទឹកដីសហរដ្ឋអាមេរិកមួយគត់។ សរុបទៅ ចង់ ឬមិនចង់ ចំណូល Facebook នៅឆ្នាំ2021 នេះ ច្បាស់ជាធ្លាក់ចុះជាមិនខាន ដូច្នេះ តើ Facebook ចេញមុខដោះស្រាយយ៉ាងណា សូមរង់ចាំតាមដានភាគបន្ត…៕