ខ្សែបម្រើដ៏មានឥទ្ធិពល Alex Oxlade-Chamberlain របស់ក្លិបកាំភ្លើងធំ Arsenal កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការផ្ទេររបស់គេទៅកាន់ក្លិប Chelsea ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League។ Oxlade-Chamberlain វ័យ 24ឆ្នាំនឹងផុតកិច្ចសន្យារបស់គេនៅរដូវក្តៅក្រោយ និងបានធ្វើការបដិសេធក្នុងការបន្តកុងត្រាថ្មីមួយនៅឯកីឡដ្ឋាន Emirates។
ក្លិប Chelsea បានធ្វើការបដិសេធក្នុងការបកស្រាយទៅលើការផ្ទេរនេះ ប៉ុន្តែវាត្រូវបានគេយល់ឃើញថា ពួកគេបានយល់ព្រមលើតម្លៃខ្លួនក្នុងទឹកប្រាក់ 35លានផោន (ស្មើនឹង 45លានដុល្លារអាមេរិក) រួចស្រេចហើយជាមួយនឹងគូប្រជែងនៅទីក្រុងឡុងដ៍របស់ពួកគេសម្រាប់ខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះ។ ក្លិប Liverpool ក៏បានបង្ហាញនូវការចាប់អារម្មណ៍ផងដែរ និងនៅតែអាចដាក់សំណើដេញថ្លៃមួយសម្រាប់អតីតកីឡាកររបស់ក្លិប Southampton រូបនេះបានដែរ។ Oxlade-Chamberlain បានចូលលេងក្នុងជម្រើសដំបូងរាល់ការប្រកួតទាំងអស់សម្រាប់ក្រុមកាំភ្លើងធំក្នុងរដូវកាលមកទល់ពេលនេះ ក្នុងនោះរាប់បញ្ចូលទាំងពេលក្រុមខ្លួនចាញ់ក្នុងលទ្ធផល 4-0 នៅលើទឹកដីក្រុម Liverpool ផងដែរ ដោយរូបគេបានចូលលេងក្នុងនាមជាកីឡាករបម្រុង។
ខ្សែបម្រើរូបនេះនឹងក្លាយជាកីឡាករចំណូលថ្មីទី5របស់ Chelsea នៅរដូវក្តៅនេះ ក្រោយពីការចូលរួមរបស់ខ្សែប្រយុទ្ធ Alvaro Morata អ្នកចាំទី Willy Caballero ខ្សែការពារ Antonio Rudiger និងខ្សែបម្រើ Tiemoue Bakayoko។ លោក Antonio Conte ដែលជាអ្នកចាត់ការទូទៅរបស់ Chelsea បានបញ្ជាក់ថា លោកចង់បានកីឡាករថ្មីបន្ថែមទៀតក្នុងក្រុមរបស់លោក នៅមុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទនៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ។ Oxlade-Chamberlain ដែលបានធ្វើការបង្ហាញខ្លួន198លើកសម្រាប់ក្រុម Arsenal ចាប់តាំងពីផ្ទេរមកពីក្លិប Southampton កាលពីខែសីហា ឆ្នាំ2011នោះ នឹងក្លាយជាកីឡាករដំបូងគេ ចាប់តាំងពីគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Conte បាននិយាយថា លោកចង់បានកីឡាករបួននាក់ទៀត៕
ប្រភពពី៖ BBC