នារីៗចំនួនមិនតិចទេ ដែលមានបញ្ហាពាក់ព័ន្ធនឹងកែវភ្នែក និងត្រូវពាក់វ៉ែនតាជាប់ជាប្រចាំ តែក៏ចូលចិត្តតុបតែងមុខមាត់ ឱ្យខ្លួនឯងមើលទៅឃើញស្អាតលេចធ្លោទាក់ភ្នែកបុរសៗដែរ ថ្ងៃនេះយើងមានវិធីតុបតែងមុខល្អៗសម្រាប់នារី ដែលពាក់វ៉ែនតា មកជម្រាបជូនដូចតទៅ ៖
-ចាប់ផ្តើមពីនារី ដែលពាក់វ៉ែនតា ព្រោះភ្នែកមីញ៉ូបជិត (មើលជិតៗ បានឃើញ) កញ្ចក់របស់វ៉ែនតាដែលអ្នកពាក់ នឹងធ្វើឱ្យមើលទៅឃើញ ហាក់ដូចជាកែវភ្នែករបស់អ្នកតូចជាងប្រក្រតី ក្នុងករណីនេះ អ្នកគួរតែវាស ម៉ាស្ការា តុបតែងរោមភ្នែកឱ្យរាងក្រាស់បន្តិច ដើម្បីឱ្យមើលឃើញកែវភ្នែក មានទំហំប្រក្រតី។ ហើយបើត្រូវការប្រើ អាយឈែដូវ៍ ចូរជ្រើសរើសប្រើពណ៌ស្រស់ៗ តែគួរលាយពណ៌ឱ្យចូលគ្នាជាមុនសិន។ ការគូសរង្វង់ភ្នែក ឬអាយឡាញនើរ៍ នៅត្របកភ្នែកខាងលើ ក៏ជួយឱ្យមើលទៅឃើញកែវភ្នែកធំ និងស្រស់ថ្លាឡើងដែរ។
-សម្រាប់នារីដែលមានភ្នែកមីញ៉ូបឆ្ងាយ (មើលឆ្ងាយ បានឃើញ) ពេលពាក់វ៉ែនតាហើយ នឹងធ្វើឱ្យមើលទៅឃើញកែវភ្នែករបស់អ្នកធំជាងប្រក្រតី ព្រោះកញ្ចក់វ៉ែនតា វាពង្រីកកែវភ្នែក។ បើតុបតែងមុខមិនរៀបរយ នឹងមើលឃើញបានយ៉ាងច្បាស់ ដូចជាពេលវាស ម៉ាស្ការ៉ា ហើយមានកម្ទេចម្សៅនៅជាប់ ក៏នឹងមើលឃើញយ៉ាងច្បាស់តែម្ដង ដូច្នេះពេលតុបតែងមុខ គួរជ្រើសរើសពណ៌អាយឈែដូវ៍ រាងស្រាលៗ និងកុំឱ្យនៅសល់កម្ទេចម្សៅនៅជុំវិញកែវភ្នែកឱ្យសោះ។
មានតែប៉ុណ្ណឹងឯង…គ្រាន់តែនឹកជាប់ជានិច្ចថា បើភ្នែកយើង ត្រូវកញ្ចក់វែនតាបង្រួមឱ្យតូច ក៏សង្កត់ធ្ងន់លើរឿងពណ៌ឱ្យដិតឡើងបន្តិច តែបើត្រូវកញ្ចក់វ៉ែនតាពង្រីកឱ្យធំវិញនោះ មិនគួរគូសឱ្យដិតពេកទេ ព្រោះនឹងធ្វើឱ្យភ្នែកឡើងធំក្រឡោត ហើយក៏កុំភ្លេចជ្រើសរើសដងវ៉ែនតា ឱ្យស្អាតស័ក្តិសមនឹងផ្ទៃមុខ និងការតុបតែងខ្លួន របស់អ្នកផង វានឹងធ្វើឱ្យអ្នកកាន់តែស្រស់ស្អាតលេចធ្លោឡើង៕