នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Ruth Porat នាយកហិរញ្ញវត្ថុរបស់ក្រុម Alphabet បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Alphabet ម្ចាស់ Google រកបានប្រាក់ចំណេញប្រចាំត្រីមាស លើសពីការរំពឹងទុក និងបានប្រកាសពីការទិញភាគហ៊ុនត្រឡប់មកវិញក្នុងទំហំទឹកប្រាក់ 50ពាន់លានដុល្លារ ខណៈដែលសេដ្ឋកិច្ចកំពុងតែរើឡើងវិញ និងមានការកើនឡើងលើការប្រើប្រាស់សេវាអនឡាញ បូករួមទាំងការកើនឡើងនូវការលក់ពាណិជ្ជកម្ម និងពាណិជ្ជកម្មតាមប្រព័ន្ធ Cloud។
លទ្ធផលទាំងនេះ ឆ្លុះបញ្ចាំងពីសកម្មភាពតាមអនឡាញរបស់អ្នកប្រើប្រាស់ និងនៅក្រៅប្រទេស ដែលផ្អែកទៅលើការកើនឡើងលើប្រាក់ចំណេញពីពាណិជកម្ម។
ការលក់ពាណិជ្ជកម្ម ឬ Ad របស់ Google បានកើនឡើង 32%ក្នុងត្រីមាសទី1 បើធៀបនឹងរយៈពេលដូចគ្នាកាលពី 1ឆ្នាំមុន ពោលគឺកើនឡើងហួសពីការរំពឹងទុក។ ការលក់ Cloud បានកើនឡើង៤៥,៧% ដែលដូចការរំពឹងទុក។
នេះ គឺជាសញ្ញាដំបូងដែលបង្ហាញថា សេវា Google ទទួលបានការប្រើប្រាស់ច្រើន ដោយសារតែការបិទខ្ទប់តំបន់នានា និងការរឹតត្បិតនានាជុំវិញការឆ្លងរីករាលដាលវីរុសកូវីដ-19 ដែលបានបង្ខំឱ្យប្រជាពលរដ្ឋទិញទំនិញ និងទំនាក់ទំនងគ្នាតាមអនឡាញច្រើន ក្នុងរយៈពេល 1ឆ្នាំមកនេះ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet បានកើនឡើងប្រមាណជា 4.7% ពោលគឺក្នុងទំហំទឹកប្រាក់ 2,398.61ដុល្លារក្នុង 1ហ៊ុន ក្នុងការពង្រីកពាណិជ្ជកម្មរបស់ខ្លួន៕