កាលពីពេលថ្មីៗ ក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រ និងស្មាតហ្វូន Intel ដែលមានឈ្មោះបោះសំឡេងល្បីល្បាញជាយូរឆ្នាំមកហើយ បានបង្ហើបឱ្យដឹងថា ខ្លួនកំពុងតែស្ថិតក្នុងការពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្ដដើម្បីផលិតឈីបឱ្យពួកគេ។
លោក Pat Gelsinger នាយកប្រតិបត្តិជាន់ខ្ពស់ប្រចាំ Intel បានឱ្យដឹងថា៖ «នេះក៏ដោយសារតែឈីបលើស្ទើរតែគ្រប់ឧស្សាហកម្ម សូម្បតែរោងចក្រផលិតរថយន្ដសុទ្ធតែកំពុងមានការខ្វះខាត ដូច្នេះ Intel នឹងពង្រីកក្រុមហ៊ុនរបស់ខ្លួនតាមរយៈការផលិតឈីបឱ្យបានកាន់តែច្រើនជាងមុនទៀត»
គម្រោងពង្រីកអាជីវកម្មរបស់ខ្លួនបែបនេះ ត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្តូរមួយដ៏ធំ បន្ទាប់ពីទីផ្សាររបស់ពួកគេធ្លាក់ចុះបន្ដិចៗម្ដង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
Intel ក៏ធ្លាប់បានបញ្ជាក់ថា នឹងធ្វើការបង្កើតរោងចក្របន្ថែមនៅសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងក្រុមហ៊ុនផលិតឈីបមកពីអាស៊ីនានាដូចជា៖ រោងចក្រនៅតៃវ៉ាន់ TSMC- Taiwan Semiconductor Manufacturing Co និង Samsung Electronics Co Ltd ជាដើម។ រោងចក្រផលិតបន្ទះឈីបទាំង2 សុទ្ធសឹងតែជា រោងចក្រដែលឈានមុខគេ។
សម្រាប់ពេលនេះ Intel កំពុងតែចរចាលើការឌីហ្សាញឈីប និងផលិតឈីបទៅឱ្យក្រុមហ៊ុនផលិតរថយន្ដធំ ដែលគេមិនទាន់បានដឹងឈ្មោះនៅឡើយក្នុងពេលនេះ តែយ៉ាងណា ដំណឹងនេះនឹងពិតជាជាក់ច្បាស់ជារូបរាងឡើង នៅរយៈពេលយ៉ាងយូរ 6ខែទៀតដូច្នេះសូមរង់ចាំដានបន្ដទៀត៕