ភ្នំពេញ – ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការលើកឡើង និងតវ៉ាពីប្រជាពលរដ្ឋរស់នៅក្នុងរាជធានីជាច្រើនអំពីបញ្ហាតម្លៃទឹកឡើងថ្លៃខុសប្រក្រតី។ ទោះបីជាមានការផ្សព្វផ្សាយពីបណ្ដាញសង្គម និងតាមសារព័ត៌មានក្នុងស្រុកជាច្រើនក៏ដោយ ក៏ពុំមានដំណោះស្រាយណាមួយជាដុំកំភួនឡើយ ប៉ុន្ដែក្រោយពីមានការអន្ដរាគមន៍ពីសម្តេចនាយករដ្ឋមន្រី្ដហ៊ុន សែនទើបធ្វើឱ្យអ្វីៗវិលមករកភាពប្រក្រតីវិញ។
ក្នុងសាររបស់សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែនបានសរសេរបញ្ជាក់ថា៖ «ថ្ងៃនេះ ខ្ញុំទើបបានដឹងថា តម្លៃទឹកនៅទីក្រុងភ្នំពេញមានការកើនឡើងដែលអ្នកប្រើប្រាស់ទឹកតិច និង អ្នកប្រើប្រាស់ច្រើនត្រូវបានបង់ថ្លៃដូចៗគ្នា ធ្វើឱ្យនយោបាយអនុគ្រោះសម្រាប់ប្រជាជនក្រីក្រមិនអាចអនុវត្តបាន។ នេះជាការដើរខុសជាមួយការអំពាវនាវរបស់ខ្ញុំឱ្យបញ្ចុះថ្លៃទឹក។ ខ្ញុំបានបញ្ជាឱ្យទេសរដ្ឋមន្ត្រី ចម ប្រសិទ្ឋ និង រដ្ឋលេខាធិការ ឯក សុន ចាន់ ចុះធ្វើការជាមួយរដ្ឋាករទឹកដើម្បីធ្វើឱ្យវិលត្រឡប់ទៅអនុវត្តរូបមន្តដើមវិញ និងត្រូវសងទៅប្រជាជនវិញនូវចំនួនទឹកប្រាក់ដែលបានយកលើសពីប្រជាជនតាមរបៀបថ្មី»។ សូមអរគុណចំពោះបងប្អូនប្រជាជនដែលបានផ្តល់ដំណឹងនេះដល់រូបខ្ញុំ »។
បន្ទាប់ពីមានចេញចំណាត់ការបែបនេះរួចមក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្ដីជូនដំណឹងដើម្បីសុំទោសដល់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅចំពោះការខុសឆ្គងនូវការគណនាថ្មីទៅលើតម្លៃទឹក។ មិនតែប៉ុណ្ណោះក៏បានសន្យាថា នឹងមិនឱ្យមានកំហុសឆ្គងជាលើកទីពីរឡើយ៕