ប្រាក់ចំណូលនៅក្នុងត្រីមាសទីមួយរបស់ក្រុមហ៊ុន Apple និង Facebook សុទ្ធតែកើនប្រហែល 50% បើធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។
កាលពីថ្ងៃទី 28 ខែមេសា ឆ្នាំ2021 ក្រុមហ៊ុន Apple និង Facebook បានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទីមួយរបស់ពួកគេ។ របាយការណ៍បង្ហាញថា Apple រកបានចំណូល 89.6ពាន់លានដុល្លារ កើន 54% បើធៀបនឹងត្រីមាសទីមួយនៃឆ្នាំ2020 ដែលតួលេខនេះគឺ លើសពីការព្យាកររបស់ក្រុមអ្នកវិភាគនាពេលកន្លង។ មូលបត្រ Apple ក៏បានកើនឡើងជាង 4% នៅក្នុងការជួញដូរក្រៅម៉ោង។
នេះក៏ជាត្រីមាសទីពីរ ដែល Apple រកបានចំណូលច្រើនជាងមុនពីរខ្ទង់ ជាមួយនឹងផលិតផល និងសេវាកម្មគ្រប់ប្រភេទរបស់ក្រុមហ៊ុននេះ។ ចំពោះផ្នែកដែលសំខាន់បំផុត (iPhone) គឺមានកំណើន 65.5% បើធៀបនឹងឆ្នាំទៅ។ ជាងនេះ ចំណូលបានមកពី Mac និង iPad ក៏កើន 70% និង 79%។
Luca Maestri ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Apple បានឱ្យដឹងថា ក្រុមហ៊ុននេះព្យាករថា ប្រាក់ចំណូលនៅក្នុងត្រីមាសទីពីរ នឹងកើនបន្ថែមពីរខ្ទង់ ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ2020។ Apple ក៏នឹងបង្កើនភាគលាភថែម 7% ទៀត ដល់ភាគហ៊ុនិក និងចំណាយ 90ពាន់លានដុល្លារ ដើម្បីទិញមូលបត្ររបស់ខ្លួន ដែលតួលេខនេះ ខ្ពស់ជាងពីរឆ្នាំមុននេះ។
កាលពីប៉ុន្មានខែមុន Apple បានឱ្យដឹងថា ការរកស៊ីរបស់ក្រុមហ៊ុនមានការកើនឡើងនៅក្នុងអំឡុងវិបត្តិ Covid-19 គ្រាដែលអ្នកប្រើប្រាស់ និងក្រុមហ៊ុននានា នាំគ្នាទិញកុំព្យូទ័រដើម្បីធ្វើការ និងកំសាន្តនៅផ្ទះ ក្នុងពេលសង្គមត្រូវបានបិទខ្ទប់។
ដោយឡែក Facebook វិញ ក៏រកបានចំណូលខ្ពស់ជាងត្រីមាសទីមួយនៃឆ្នាំ2020 ដល់ទៅជិត 50% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ2021នេះ ពោលគឺឡើងដល់ 26.17ពាន់លានដុល្លារ។ ប្រាក់ចំណេញសុទ្ធ កើនដល់ 94% ស្មើនឹង 9.5ពាន់លានដុល្លារ។
ក្រុមហ៊ុន Facebook បានបង្ហើបឱ្យដឹងថា មូលហេតុនៃកំណើនខាងលើគឺដោយសារតម្លៃមធ្យមសម្រាប់ការផ្សារពាណិជ្ជកម្មមួយ កើន 30% រីឯតួលេខនៃការផ្សាយពាណិជ្ជកម្ម ក៏កើនបន្ថែម 12%។ Facebook ព្យាករថា កំណើននៃប្រាក់ចំណូល នឹងបន្តមានស្ថិរភាព ឬកើនឡើងថែមទៀតនៅក្នុងត្រីមាសទីពីរនៃឆ្នាំ2021នេះ។
នាយកប្រតិបត្តិរបស់ Facebook លោក Mark Zuckerberg បានឱ្យដឹងថា ក្រុមហ៊ុនកំពុងតែផ្ដោតលើការបន្ថែមមុខងារមួយចំនួនសម្រាប់ផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកនៅលើ Facebook។ សេវាកម្ម Marketplace របស់ Facebook បច្ចុប្បន្ន មានអ្នកប្រើប្រាស់ជាង 1ពាន់លាននាក់ ជារៀងរាល់ខែ៕
ប្រភព៖ CNBC
ប្រែសម្រួល៖ បុត្រា