ប៉ូលិសរបស់ប្រទេសម៉ាឡេស៊ី នឹងត្រូវធ្វើការត្រួតពិនិត្យនៅឯកន្លែងច្រកចូលនៃកីឡដ្ឋាន Shah Alam សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ស៊ីហ្គេម រវាងក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី និងក្រុមជម្រើសជាតិថៃ នៅថ្ងៃអង្គារនេះ។
ស្របពេលដែលមិនបានបញ្ជាក់ប្រាប់ពីចំនួនអ្នកគាំទ្រដែលចូលទៅទស្សនា លោក Khalid Abu Bakar ដែលជានាយប៉ូលិសបាននិយាយថា មន្ត្រីប៉ូលិសត្រៀមលក្ខណៈរួចរាល់ក្នុងការផ្តល់សុវត្ថិភាពដល់កីឡាករ និងអ្នកទស្សនាដោយផ្ទាល់អំឡុងការប្រកួតនេះ។ ឧត្ថមសេនីយ៍រូបនេះបានឲ្យដឹងថា៖ «មន្ត្រីប៉ូលិសបានត្រៀមលក្ខណៈរួចរាល់ និងរាល់ច្រកចូលទាំងអស់ក្នុងកីឡដ្ឋាននេះនឹងត្រូវរឹតបន្តឹងដើម្បីធានាថា មិនមានសារធាតុដែលហាមឃាត់ចូលទៅក្នុងកីឡដ្ឋាន។ លោក Khalid បានបញ្ជាក់ថា អ្នកគាំទ្រទាំងអស់ត្រូវតែមកឲ្យបានលឿនមុនពេលការប្រកួតចាប់ផ្តើម ដើម្បីជួយសម្រួលដល់ការត្រួតពិនិត្យនៅច្រកទ្វារចូល។ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅល្ងាចនេះ គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីបានជំរុញឲ្យក្រុមរបស់លោករក្សាភាពរឹងមាំរបស់ពួកគេ និងមិនត្រូវបាត់បង់ការផ្តោតអារម្មណ៍ដោយសារតែភាពរំភើបក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិថៃឡើយ។ ក្រុមម្ចាស់ផ្ទះមួយនេះ នឹងឈានទៅកាន់ការប្រកួតផ្ដាច់ព្រ័ត្រនេះប្រកបដោយការជឿជាក់ខ្ពស់ ក្រោយពីពួកគេបានផ្តួលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងលទ្ធផល 1-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីស្ថិតយ៉ាងប្រកៀកក្នុងការឈ្នះមេដាយមាសជាលើកទី6របស់ពួកគេក្នុងយុទ្ធនាការនេះ ដែលជាការប្រកួតសម្រាប់ក្រុមយុវជនអាយុក្រោម22ឆ្នាំ។
លោក Ong Kim Swee ដែលបានដឹកនាំឲ្យក្រុមជម្រើសជាតិម៉ាឡេស៊ី នៅពេលដែលពួកគេបានឈ្នះពានស៊ីហ្គេមកាលពីឆ្នាំ2011ផងដែរនោះ បានប្រាប់កីឡាកររបស់លោកឲ្យរក្សានូវអារម្មណ៍ស្ងប់នៅមុនពេលប្រកួតជាមួយនឹងក្រុមជើងខ្លាំងថៃ ដែលជាម្ចាស់ជើងឯក13សម័យកាល។ ដោយឡែក ក្រុមជម្រើសជាតិថៃ បានឈានទៅវគ្គផ្តាច់ព្រ័ត្រ តាមរយៈការទម្លាក់ក្រុមមីយ៉ាន់ម៉ា ក្នុងលទ្ធផល 1-។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង7:45យប់៕
ប្រភពពី៖ The Stars