ការរៀបការមិនមែនជាវិធីដែលនឹងបង្ហាញឱ្យនារីៗយើងបានដឹងថា សេចក្តីស្នេហារបស់ខ្លួននឹងស្ថិតស្ថេរគង់វង្សរហូតតទៅនោះទេ តែនេះគឺជាផ្នែកប្រកបមួយរបស់ជីវិត ជាការផ្តល់ដំណឹងអំពីការចាប់ផ្តើមរស់នៅជាជីវិតគូដែលមិនមែនមានតែជីវិតរបស់អ្នកណាម្នាក់ទៀតហើយ តែគឺការរួមទុក្ខរួមសុខជាមួយមនុស្សម្នាក់។ ក្រោយពេលរៀបមង្គលការ បើកើតមានភាពមិនយល់រវាងគ្នានឹងគ្នាឡើង ឬមិនខ្វល់ខ្វាយក្នុងការបន្ថែមភាពផ្អែមល្ហែមដល់គ្នាខ្លះទេនោះ វាច្រើនតែនឹងធ្វើឱ្យសេចក្តីស្នេហាដែលធ្លាប់មានឱ្យគ្នានោះថមថយចុះជាបណ្តើរៗមិនខាន រហូតមកដល់ថ្ងៃមួយនឹងមានភាពប្រថុយប្រថានក្នុងការបាក់បែកដួលរលំ ព្រោះតែក្តីមិនយល់ចិត្តគ្នា និងមិនយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកហ្នឹងឯង។
បើសេចក្តីស្នេហាររបស់នរណាម្នាក់ដែលកំពុងជួបនឹងឧបសគ្គក្រោយអាពាហ៍ពិពាហ៍ នោះអាចជាសញ្ញាដែលឆ្លុះបញ្ចាំងឱ្យយើងឃើញពីអ្វីម្យ៉ាងដែលត្រូវបានបំភ្លេចហើយ ដូច្នេះចូរសាកល្បងបែរត្រឡប់ទៅនឹកឃើញរឿងរ៉ាវល្អៗកាលពីថ្ងៃមុនៗ ដែលធ្លាប់ស្រឡាញ់គ្នា និងថ្ងៃដំបូងដែលសម្រេចចិត្តរស់នៅរួមគ្នា ព្រមទាំងវិធីមើលថែទាំសេចក្តីស្នេហាឱ្យនៅគង់វង្សស្ថិតស្ថេរ ទោះជារៀបការជាមួយគ្នាយូរមកហើយក៏ដោយវិញប្រសើរជាង។
ភាពស្មោះត្រង់បន្ថែមសេចក្តីស្នេហាឱ្យគង់វង្សស្ថិតស្ថេរ
នៅពេលដែលការរស់នៅជាជីវិតគូចាប់ផ្តើមឡើង រឿងដែលសំខាន់បំផុតគឺ ការស្រឡាញ់ស្មោះស្ម័គ្រមួយនឹងមួយ មិនថាពេលវេលាកន្លងផុតទៅប៉ុន្មានយុគប៉ុន្មានសម័យក៏ដោយ ក្តីស្មោះត្រង់ និងក្តីស្មោះស្ម័គ្រគួរតែមានជានិច្ច ដែលអាចរាប់បានថា ជារឿងដែលបង្ហាញឱ្យឃើញអំពីសេចក្តីស្រឡាញ់យ៉ាងពិតប្រាកដដែលយើងបានប្រគល់ឱ្យមនុស្សម្នាក់ឱ្យគេជឿជាក់ក្នុងចិត្តថា មនុស្សដែលខ្លួនឯងជ្រើសរើសយកម្នាក់នេះគឺមិនខុសទេ។ ទោះជាពេលវេលាកន្លងផុតទៅយូរប៉ុនណា ភាពជឿទុកចិត្តរវាងគ្នាទៅវិញទៅមកគឺជាគ្រឹះចម្បងដែលធ្វើឱ្យសេចក្តីស្នេហាក្រោយពេលរៀបការដំណើរការទៅយ៉ាងរលូន និងពោរពេញដោយសេចក្តីសុខ។
ធ្លាក់ក្នុងអន្លង់ស្នេហ៍មនុស្សដែលអ្នកស្រឡាញ់ជានិច្ច
កាលពីពេលមួយ អ្នកធ្លាប់លង់ស្នេហ៍មនុស្សម្នាក់ដែលនៅជិតរូបអ្នកនេះ ជាមនុស្សតែមួយនឹងមនុស្សដែលអ្នកធ្លាប់រៀបការជាមួយរួចមកហើយ។ ក្នុងថ្ងៃដែលអ្វីគ្រប់យ៉ាងមើលទៅដដែលៗជាមួយនឹងការរស់នៅបែបដដែលៗ រហូតធ្វើឱ្យសេចក្តីស្នេហាក្នុងជីវិតអាពាហ៍ពិពាហ៍មើលទៅស្ងៀមស្ងាត់ និងគ្មានន័យនោះ អ្នកអាចនឹងលង់ស្នេហ៍ម្តងហើយម្តងទៀតជាមួយនឹងមនុស្សដដែលម្នាក់នេះអស់មួយជីវិត ដោយការឧស្សាហ៍មើលថែទាំយកចិត្តយកថ្លើមគេឱ្យដូចថ្ងៃដំបូងដែលធ្លាប់បានធ្វើ។ រឹតតែមិនថាពេលវេលាកន្លងផុតទៅយូរប៉ុនណានោះឡើយ សាកល្បងធ្វើគ្រប់យ៉ាងឱ្យដូចថ្ងៃដំបូងដែលធ្លាប់ជួបគ្នា ធ្វើឱ្យរាល់ថ្ងៃផ្អែមល្ហែមដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដូចពីដើម។ ការយកចិត្តទុកដាក់គ្នាទៅវិញទៅមកយ៉ាងជាប់លាប់បែបនេះ នឹងជួយឱ្យរៀងរាល់ព្រឹកដែលភ្ញាក់ឡើង អ្នកនឹងបានជួបនឹងសេចក្តីស្នេហាដែលពេញប្រៀបមិនដែលជិនណាយ ពេញទៅដោយស្នាមញញឹម និងសេចក្តីសុខគ្រប់អំឡុងពេល។
មិនត្រឹមតែប៉ុណ្ណឹងទេជីវិតក្រោយពេលរៀបការ ទោះជាគ្រប់គ្នាចង់បានមនុស្សដែលខ្លួននឹកស្រមៃមែន តែមិនមែនថា អ្វីគ្រប់យ៉ាងនឹងបានដូចដែលចិត្តប៉ងជានិច្ចនោះទេ ដូច្នេះចូរព្យាយាមកុំផ្លាស់ប្តូរនូវអ្វីដែលជារូបគេ (ឬនាង) មានស្រាប់ហើយនោះ បណ្តោយឱ្យរូបគេ (ឬនាង) ស្ថិតនៅជាមនុស្សក្នុងបែបពីមុនដែលអ្នកធ្លាប់ស្គាល់ នោះសេចក្តីស្នេហានឹងពោរពេញទៅដោយសេចក្តីសុខ មិនទើសទាល់ធុញទ្រាន់ តែនឹងបែរជាធូរស្រាល និងកក់ក្តៅបានយ៉ាងពិតប្រាកដមិនខាន៕