សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង 4% នៅឆ្នាំក្នុងឆ្នាំ2021 ហើយនឹងកើន 5.5% ក្នុងឆ្នាំ2022។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយនៅថ្ងៃទី28 ខែមេសា ឆ្នាំ2021។
ទន្ទឹមនឹងរបាយការណ៍ខាងលើ នាយិកាប្រចាំកម្ពុជានៃធនាគារ ADB លោកស្រី Sunniya Durrani-Jamal ថ្លែងថា៖ “ក្នុងឆ្នាំ2020 ដោយសារការរាតត្បាតជាសកល នៃវីរុសCovid-19 សេដ្ឋកិច្ចកម្ពុជាក៏បានធ្លាក់ចុះ 3.1%។ យើងរំពឹងថា សេដ្ឋកិច្ច (កម្ពុជា) នឹងងើបឡើងវិញក្នុងឆ្នាំ2021 ដោយសារកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល។
ការងើបឡើងវិញនៃសេដ្ឋកិច្ចជារួមរបស់កម្ពុជា នឹងមានការយឺតយ៉ាវ ដោយសារល្បឿនមិនស្មើគ្នានៃការងើបឡើងវិញរបស់វិស័យនានានៅកម្ពុជា ដែលបានរងគ្រោះព្រោះតែវិបត្តិ Covid-19។ រាជរដ្ឋាភិបាល ចាំបាច់ ត្រូវរក្សាជំហរគោលនយោបាយសារពើពន្ធដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ2021 និងឆ្នាំ2022។ នេះបើតាម លោកស្រី Sunniya Durrani-Jamal។
នៅឆ្នាំ2020 ធនាគារ ADB បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយ ឥតសំណងចំនួន 477លានដុល្លារ និងកៀរគរបានថវិកាបន្ថែមចំនួន 281.3លានដុល្លារ តាមរយៈសហហិរញ្ញប្បទាន សម្រាប់កម្ពុជា។ ថវិការបស់ ADB ដែលត្រៀមសម្រាប់ផ្ដល់ដល់កម្ពុជាក្នុងឆ្នាំ2022-2023 រួមមាន កម្ចីសម្បទាន ចំនួន 1.35 ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន 32.4លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការស្តារសេដ្ឋកិច្ចដែលរងឥទ្ធិពលពីវិវបត្តិសុខភាពដែលបង្កឡើងដោយ Covid-19។
នៅក្នុងតំបន់អាស៊ីអាគ្នេយទាំងមូលដែលមាន 11ប្រទេស សេដ្ឋកិច្ចរបស់វៀតណាម ត្រូវបានព្យាករថា នឹងមានកំណើន 6.7% ខ្ពស់ជាងគេបង្អស់បើធៀបនឹងបណ្ដាប្រទេសក្នុងតំបន់នេះ សម្រាប់ឆ្នាំ2021។ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី នឹងមានកំណើន 6% ស្មើគ្នា ខណៈហ្វីលីពីន និងឥណ្ឌូនេស៊ី មានកំណើន 4%។ រីឯ កម្ពុជាវិញ ស្ថិតនៅក្នុងលំដាប់ទី6 នៃតារាងព្យាករអំពីកំណើនសេដ្ឋកិច្ចនេះ៕
ប្រភព៖ ADB
ប្រែសម្រួល៖ បុត្រា