កាលពីពេលថ្មីៗនេះ Microsoft ត្រូវបានគេរាយការណ៍ថា បានក្លាយជាក្រុមហ៊ុនផ្តាច់មុខ ដែលនឹងផលិតនិងផ្គត់ផ្គង់វ៉ែនតា AR ជាមួយបច្ចេកវិទ្យា HoloLens ផ្ទាល់របស់ខ្លួនដល់កងទ័ពសហរដ្ឋអាមេរិក ក្នុងចំនួនរហូតដល់ទៅ 12ម៉ឺនគ្រឿងឯណោះ។
ក្នុងកិច្ចព្រមព្រៀងទឹកប្រាក់ដែល Microsoft ទទួលបានលើការផ្គត់ផ្គង់វ៉ែនតា AR ប្រមាណជា 21ប៊ីលានដុល្លាររយៈពេល 10ឆ្នាំ។
ក្រុមហ៊ុន Microsoft ដែលមានជំនាញខ្ពស់ខាងបង្កើត Software បានសម្ងំអភិវឌ្ឍ Hololends អស់ជាច្រើនឆ្នាំមកហើយ។ វ៉ែនតា AR របស់ Microsoft នឹងក្លាយជាជំនួយការដល់កងទ័ពអាមេរិក នៅក្នុងសមរភូមិ ដោយផ្នែកផ្ទៃកញ្ចក់អេក្រង់ នៅលើឧបករណ៍ HoloLens គឺមានភ្ជាប់មកនូវត្រីវិស័យ សម្រាប់បង្ហាញទិសដៅ ទៅកាន់តំបន់ណាមួយ និងអាចធ្វើការបង្ហាញពីទីតាំង របស់កងទ័ពណាមួយ ទៅឱ្យមិត្តកងទ័ពផ្សេងៗ បានទៀតផង។
វាក៏អាចបង្ហាញជានិមិត្តសញ្ញា សំដៅទៅកាន់ទីតាំងណាមួយ ដែលកងទ័ពបានតម្រង់កាំភ្លើងទៅកាន់ទីនោះបានផងដែរ ដើម្បីជួយឱ្យបាញ់ចំគោលដៅត្រឹមត្រូវល្អ ឯកញ្ចក់អេក្រង់នោះ គឺជាប្រភេទ FLIR មើលយប់បានទៀត។
ដូច្នេះ វ៉ែនតា HoloLens អាចជួយឱ្យកងទ័ពអាមេរិក មើលនៅពេលងងឹត ឬក្នុងទីងងឹតបាន (Night Vision) និងអាចមើលឃើញសត្រូវបាន នៅក្នុងតំបន់ព្រៃ និងពេលមានផ្សែងច្រើន ជាដើមទៀតផង៕