ក្រុមហ៊ុន Samsung បានហក់ឡើងមកឈរលើគេ ក្នុងលេខ1 លើការលក់ចេញស្មាតហ្វូន បានច្រើនជាងគេបំផុត គិតត្រឹម 3ខែ ដើមឆ្នាំ2021(ត្រីមាស1)។
ក្រុមអ្នកស្រាវជ្រាវក្នុងទីផ្សារស្មាតហ្វូន Strategy Analytics បានឱ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ បាននាំចេញទូរស័ព្ទ សរុបទាំងអស់ប្រមាណជា 77លានគ្រឿងឯណោះ និងមានចំណែកទីផ្សារខ្ទង់ 23%។ បើធៀបនឹងត្រីមាសទី1 ឆ្នាំ2020 យើងឃើញថា នេះជាចំនួនកើនឡើងដ៏ប្រសើរមួយ ព្រោះកាលពីឆ្នាំមុន ក្រុមហ៊ុនខាងលើ នាំចេញបានត្រឹមខ្ទង់ 58លានគ្រឿងប៉ុណ្ណោះ។
Apple វិញបានត្រឡប់ទៅឈរនៅចំណាត់ថ្នាក់លេខ2 ដោយបាននាំចេញទូរស័ព្ទឆ្លាតវៃសរុបខ្ទង់ 57 លានគ្រឿង និងមានចំណែកទីផ្សារខ្ទង់ 17% ដែលចំនួនលក់ចេញរបស់គេនេះ ក៏កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ដែរ ពោលគឺ ឆ្នាំមុនគិតត្រឹមពេលដូចគ្នានោះ គេលក់ចេញបានខ្ទង់ 39លានគ្រឿងប៉ុណ្ណោះ។
ក្រៅពី Samsung និង Apple វិញ Xiaomi បានឈរនៅចំណាត់ថ្នាក់លេខ3 ដោយបានលក់ចេញដល់ទៅ 49លានគ្រឿង មានចំណែកទីផ្សារ 15% កើនឡើងស្ទើរតែជិត 2ដងឯណោះ បើធៀបនឹងចំនួនលក់ ដែលក្រុមហ៊ុននេះធ្វើបានក្នុងឆ្នាំមុន។ ចំណែក OPPO និង vivo តំណែងលេខ4 និងលេខ5 ដោយក្រុមហ៊ុនទាំង2នេះ មានចំណែកទីផ្សារ 11% ដូចគ្នា ប៉ុន្តែចំនួនលក់គឺ OPPO ច្រើនជាងបន្តិចដោយលក់បានខ្ទង់ 38លានគ្រឿង ខណៈពេល vivo លក់បានខ្ទង់ 37លានគ្រឿង តែឆ្នាំនេះគ្មានវត្តមានរបស់ Huawei ទេ។
រំឭកផងដែរថា កាលពី ៣ខែ ចុងឆ្នាំ២០២០ (ត្រីមាសទី4) កន្លងទៅ Apple ធ្វើបានល្អមែនទែន ក្លាយជាក្រុមហ៊ុនលក់ចេញទូរស័ព្ទឆ្លាតវៃ បានច្រើនជាងគេ នៅក្នុងទីផ្សារសកលទាំងមូល ហើយក្នុងនោះដែរ ក្រុមហ៊ុនដែលធ្លាប់ឈរលេខ1 ពោលគឺ Samsung ត្រូវបានធ្លាក់នៅលេខ2 វិញ៕