ស្ត្រីបង្វិលចង្ក្រានមិនជុំ ជាពាក្យចាស់តែងលើកឡើង ហើយក៏ជាពាក្យដែលបង្ហាញពីការមិនសូវឱ្យតម្លៃលើស្ត្រីសម្រាប់កិច្ចការក្រៅផ្ទះ តែនាពេលបច្ចុប្បន្ននេះ យើងឃើញថាវិសមភាពនៃការអប់រំបានកាត់បន្ថយយ៉ាងច្រើនរវាងកូនប្រុស និងកូនស្រី ហេតុនេះពំនោលខាងលើនេះក៏មិនសូវត្រូវបានគេលើកយកមកនិយាយដែរ។
ទោះជាយ៉ាងនេះក្តី ក៏គេសង្កេតឃើញថាបញ្ហាគំនិតមនុស្សចាស់មួយចំនួននៅតែជាបញ្ហានៅឡើយសម្រាប់អាណាព្យាបាលជាច្រើននៅកម្ពុជា ដែលមិនចង់ឱ្យកូនស្រីទៅរៀនផ្នែកជំនាញដូចជា វិស្វករ បច្ចេកទេសអគ្គិសនី សំណង់ ឬការងារបច្ចេកទេសផ្សេងៗទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានលើកឡើងថា នាពេលបច្ចុប្បន្ននេះការងារជាច្រើនយើងសុទ្ធតែអាចធ្វើបានដូចគ្នា ហើយក្រសួងក៏ខំជំរុញ និងលើកទឹកចិត្តដល់ស្ត្រីកម្ពុជាដើម្បីមានឱកាសទទួលបានការអប់រំលើគ្រប់ផ្នែក រួមទាំងផ្នែកបច្ចេកទេសផងដែរ។
នាពេលបច្ចុប្បន្ននេះ វិស័យបច្ចេកវិទ្យានៅមានចំនួនស្ត្រីធ្វើការតិចតួចនៅឡើយ តែទោះជាយ៉ាងនេះក្តី ជាទូទៅក៏គេឃើញផងដែរនូវវត្តមានរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា ដែលស្ត្រីបានដើរតួនាទីសំខាន់ៗដូចជាអ្នកគ្រប់គ្រង ឬអ្នកប្រឹក្សាបច្ចេកទេសជាដើម។
បង្ហាញពីគុណតម្លៃរបស់ស្ត្រីក្នុងសង្គមកម្ពុជា កញ្ញា លឹម លីឆាយ ស្ត្រីខ្មែរមួយរូបដែលបានជម្នះឧបសគ្គនានាពីតំបន់ជនបទ ហើយចេញទៅសិក្សានៅបរទេសបានលើកឡើងថា មនុស្សចាស់មួយចំនួននៅជនបទកូនស្រីនៅមានឧបសគ្គច្រើននៅឡើយ ព្រោះពួកគាត់តែងគិតថាស្ត្រីមិនបាច់រៀនច្រើនក៏បានដែរ ព្រោះមុននឹងក្រោយគង់តែក្លាយជាស្ត្រីមេផ្ទះដដែល។ កញ្ញាលើកឡើងថា ជំនាញបច្ចេកទេស ឬជំនាញនានាតាមពិតទៅពេលខ្លះស្ត្រីអាចធ្វើបានល្អមិនចាញ់បុរសនោះទេប្រសិនបើគាត់មានការតាំងចិត្ត ព្រោះស្ត្រីមានលក្ខណៈពិសេសម្យ៉ាងគឺភាពហ្មត់ចត់ និងការតស៊ូខ្ពស់៕