អង្គការ NASA របស់សហរដ្ឋអាមេរិក បានផ្សព្វផ្សាយរូបភាពពណ៌ ដែលថតពីលើឧទ្ធម្ភាគចក្រ “Ingenuity” ដែលហោះឡើងទៅលើពិភពផ្កាយព្រះអង្គារ ជាលើកទី2 ថ្មីៗនេះ និងកំពុងត្រៀមឡើងហោះជាលើកទី3 នៅថ្ងៃទី២៥ មេសា។
វេបសាយព័ត៌មាន CNN បានរាយការណ៍ថា អង្គការគ្រប់គ្រងការហោះហើរអវកាសនៃសហរដ្ឋអាមេរិក ឬ NASA បានផ្សព្វផ្សាយរូបភាពពណ៌ ដែលថតបានដោយគ្រឿងយន្តឧទ្ធម្ភាគចក្រ Ingenuity ដែលកំពុងហោះក្នុងរយៈកម្ពស់ ៥ម៉ែត្រ ពីលើផ្ទៃដីនៃពិភពផ្កាយព្រះអង្គារ ក្នុងអំឡុងការសាកល្បងហោះលើកទី2 កាលពីថ្ងៃទី22 មេសាកន្លងទៅ ដោយប្រើពេលវេលាទាំងអស់ 52វិនាទី ស៊ីពេលយូរជាងការហោះជុំដំបូងដល់ទៅ 12វិនាទី។
តាមរយៈរូបភាពដែលថតបាននេះ បានបង្ហាញឱ្យឃើញផ្ទៃដីរបស់ពិភពផ្កាយព្រះអង្គារ ដែលពេញទៅដោយធូលីដី និងដុំថ្ម និងថែមទាំងឃើញមានស្នាមកង់របស់គ្រឿងយន្តស្រាវជ្រាវ Perseverance ដែលនៅលើពិភពផ្កាយព្រះអង្គារនោះទៀតផង។
NASA បានបញ្ជាក់ថា ខណៈនេះ Ingenuity កំពុងត្រៀមសាកល្បងការហោះហើរលើកទី3 នៅថ្ងៃទី25 មេសា តាមផែនការហោះឡើង ក្នុងរយៈកម្ពស់ ៥ម៉ែត្រ ល្បឿន 7.2គីឡូម៉ែត្រក្នុង 1ម៉ោង ចម្ងាយហោះត្រឡប់ 100ម៉ែត្រ។
គ្រឿងយន្ត ឧទ្ធម្ភាគចក្រ Ingenuity នេះ មានទម្ងន់ 1.8គីឡូក្រាម មានតម្លៃ 85លានដុល្លារ ដោយមានការនាំយកគ្រឿងផ្គុំរបស់យន្តហោះ Wright Flyer របស់ 2នាក់បងប្អូនត្រកូល Wright ឡើងទៅជាមួយផងដែរ ដើម្បីរំឭកពីហេតុការណ៍ប្រវត្តិសាស្ត្រការហោះហើររបស់យន្តហោះ 1គ្រឿងនេះ ដែលធ្លាប់ហោះឡើងនៅឯ ឃីតធី ហក ក្នុងរដ្ឋ ណត ខារ៉ូឡៃណា កាលពីឆ្នាំ1903។
ភាពជោគជ័យក្នុងការហោះហើររបស់គ្រឿងយន្តឧទ្ធម្ភាគចក្រ 1គ្រឿងនេះ បានកើតឡើងក្រោមការសាកល្បងដ៏ពិបាក ដោយសារតែធាតុអាកាសនៅលើពិភពផ្កាយព្រះអង្គារ មានសភាពក្រាស់ណែនទាបជាងនៅលើផែនដីខ្លាំង ជាហេតុបណ្ដាលឱ្យកង្ហាររបស់គ្រឿងយន្ត ត្រូវច្នៃម៉ូដឡើងយ៉ាងពិសេស ដើម្បីឱ្យអាចវិលបានលឿនជាង ទើបអាចហោះឡើងបាន៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន CNN
ប្រែសម្រួលដោយ តាវ៉ែនតា