ប្រធានាធិបតីប្រទេសទួរគី Recep Tayyip Erdogan ធ្លាប់បានព្រមានអំពីសញ្ញានៃការបំពានច្បាប់ និងថាមានរូបភាពបោកប្រាស់នៃទីផ្សាររូបិយវត្ថុអេឡិចត្រូនិក ក៏ប៉ុន្តែ ពុំមានពលរដ្ឋណាម្នាក់ស្ដាប់តាមនោះទេ។
សមត្ថកិច្ចនៃប្រទេសទួរគី ថ្មីៗនេះបានចាប់ខ្លួនមនុស្សចំនួន 60នាក់ ដែលទាក់ទិននឹងផ្សាររូបិយវត្ថុអេឡិចត្រូនិក Thodex ទន្ទឹមនឹងការប្រកាសតាមចាប់ខ្លួនជាលក្ខណៈអន្តរជាតិ ចំពោះនាយកប្រតិបត្តិឈ្មោះ Faruk Fatih Ozer ដោយចោទពីបទបោកប្រាស់។
សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា CEO នៃផ្សាររូបិយវត្ថុអេឡិចត្រូនិក Thodex បានគេចខ្លួនទៅកាន់ប្រទេសថៃ តាមជើងហោះហើរ Istanbul និងបាននាំយកទ្រព្យរបស់អ្នកវិនិយោគចំនួន 2ពាន់លានដុល្លារទៅតាមខ្លួន។ បញ្ហានេះបានធ្វើឱ្យកក្រើកទីផ្សាររូបិយវត្ថុអេឡិចត្រូនិកក្នុងពិភពលោក។ នៅពេលផ្សារជួញដូររូបិយវត្ថុអេឡិចត្រូនិក Thodex ត្រូវបានបិទទ្វារ ហើយក្រុមអ្នកវិនិយោគក្រៅប្រព័ន្ធ (speculation) ក៏មិនអាចចូលទៅកាន់គណនីរបស់ខ្លួនបាន ការិយាល័យរដ្ឋអាជ្ញានៃប្រទេសទួរគី ក៏ចាប់ផ្ដើមធ្វើការស៊ើបអង្កេត។
សារព័ត៌មាន Demiroren News Agency ថ្មីៗនេះ បានចុះផ្សាយរូបភាពមួយសន្លឹកដែលបង្ហាញអំពីទិដ្ឋភាពដែល CEO Faruk Fatih Ozer កំពុងប្រញាប់ប្រញាល់ចាកចេញ្ពីប្រទេសទួរគី នៅឯព្រលានយន្តហោះ Istanbul។ លោក Ozer ក៏បានបិទរាល់មធ្យោបាយទំនាក់ទំនង និងបានបាត់ខ្លួនទាំងស្រុង បន្ទាប់ពីធនាគារជាតិទួរគី បានហាមទូទាត់ដោយប្រើរូបិយវត្ថុអេឡិចត្រូនិកជាផ្លូវការ។
តាមការពិត ផ្សារជួញដូររូបិយវត្ថុអេឡិចត្រូនិក Thodex ត្រូវបានគេសង្ស័យតាំងពីដំបូង ប៉ុន្តែដោយសារតែភាពលោភលន់របស់ក្រុមអ្នកវិនិយោគក្រៅប្រព័ន្ធ និងស្ថានភាពអតិផរណាខ្ពស់ ក៏ដូចជានិន្នាការប្រើប្រាស់រូបិយវត្ថុអេឡិចត្រូនិកនៅលើពិភពលោក មនុស្សជាច្រើនក៏បានវិនិយោគទៅលើផ្សារនេះ។
តាមធម្មតា CEO របស់ Thodex តែងតែប្រតិកម្មប្រឆាំង នៅពេលមានព័ត៌មានមិនល្អទាក់ទងនឹងរូបិយវត្ថុអេឡេចត្រូនិក។ ប៉ុន្តែ លើកនេះ នៅពេលដែលធនាគារជាតិ ហាមប្រើប្រាស់ប្រាក់ឌីជីថល CEO Ozer ក៏ត្រូវបង្ខំចិត្ត វេចបង្វេករត់ចោលប្រទេស ទុកឱ្យអ្នកវិនិយោគក្រៅប្រព័ន្ធជាង 400,000នាក់ ត្រូវបាត់បង់ប្រាក់។
យោងតាម Bloomberg ផ្សារជួញដូររូបិយវត្ថុអេឡិចត្រូនិក Thodex ទើបតែបានចាប់ផ្ដើមដាក់លក់ប្រាក់ Dogecoin កាលពីខែមុន។ ប្រាក់ Dogecoin ប្រមាណ 4លាន ត្រូវបានជួញដូរ ប៉ុន្តែអ្នកវិនិយោគជាច្រើនឱ្យដឹងថា ពួកគេមិនទាន់ទទួលបានរូបិយវត្ថុនេះនៅឡើយ បើទោះជាបានទូទាត់រូចរាល់។
ទាក់ទងនឹងបញ្ហារូបិយវត្ថុអេឡិចត្រូនិកនេះដែរ Bitcoin ក៏បានធ្លាក់ថ្លៃអស់ជាង 20% រាប់ចាប់ពីបានឡើងដល់កំពូល 63,000ដុល្លារ/bitcoin កាលពីថ្ងៃទី13 ខែមេសា ឆ្នាំ2021។ មូលហេតុចម្បងនៃការធ្លាក់ថ្លៃនេះគឺ ដោយសារបណ្ដាប្រទេស ចាប់ផ្ដើមរឹតបន្តឹងលើការគ្រប់គ្រងប្រាក់អេឡិចត្រូនិក។ នៅហសរដ្ឋអាមេរិក ប្រធានាធិបតី Joe Biden កំពុងពិនិត្យលើការដាក់ឱ្យប្រើប្រាស់គោលនយោបាយថ្មី ដែលយកពន្ធបន្ថែមពីវិស័យរូបិយវត្ថុអេឡិចត្រូនិក ដែលនេះនឹងធ្វើឱ្យការជួញដូរត្រូវជួបបញ្ហា៕
ប្រភព៖ CNBC
ប្រែសម្រួល៖ បុត្រា