ក្រុមអ្នកជំនាញ បានប្រើប្រាស់កូនយន្តហោះដ្រោនចំនួន 1,500គ្រឿង ដើម្បីបង្កើតកូដ QR ដ៏ធំ នៅលើផ្ទៃមេឃនៃទីក្រុងសៀងហៃ ប្រទេសចិន ដែលគ្រប់គ្នាអាចប្រើប្រាស់ទូរស័ព្ទដើម្បីស្គែនវាបាន។
ការបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យនេះគឺជាពិធីរំលឹកខួបមួយឆ្នាំនៃវត្តមានរបស់ហ្គេមមួយប្រភេទនៅប្រទេសចិន។ កូនយន្តហោះដ្រោនទាំងនេះ បានធ្វើឱ្យរាត្រីនៅសៀងហៃ ប្រែជាភ្លឺចែងចាំង គួរជាទីគយគន់។
ពួកវាត្រូវបានគេបញ្ជាឱ្យហោះហើរទៅលើអាកាស និងតម្រៀបជារូបរាងនៃតួអង្គនានាក្នុងហ្គេម «Princess Connect! Re:Dive» រួមនឹងកូដ QR ដែលអាចស្កែនដោយទូរស័ព្ទឆ្លាតវៃ។
កូដ QR នៅលើអាកាសនេះ នឹងនាំម្ចាស់ទូរស័ព្ទទៅកាន់គេហទំព័ររបស់ហ្គេម។ ព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានចុះផ្សាយនៅលើបណ្ដាញសង្គមចែករំលែកវីដេអូ Bilibili របស់ចិន៕
ប្រភព៖ SCMP, Techtimes
ប្រែសម្រួល៖ បុត្រា