កាលពីពេលថ្មីៗនេះក្រុមហ៊ុន HMD Global បានប្រកាសចេញផ្លូវការ នូវស្មាតហ្វូន Nokia X20 ។ អ្វីដែលគេចាប់អារម្មណ៍នោះ គឺស្ថិតនៅត្រង់ថា ឆ្នាំងសាកស្មាតហ្វូនស៊េរីចុងក្រោយរបស់ Nokia នេះ មិនមាននៅក្នុងប្រអប់ទេ។
កាលពីឆ្នាំមុន Apple បានសម្រេចដកដុំសាកថ្មនេះមុន ដោយសារដើម្បីចូលរួមថែរក្សាបរិស្ថាន។ ដោយសារតែការផលិតពួកវា ត្រូវការបញ្ចេញឧស្ម័នពុលពីរោងចក្រ។
ដូចនេះក្រុមហ៊ុន HMD Global ដែលមានកម្មសិទ្ធិគ្រប់គ្រងម៉ាក Nokia ក្នុងពេលបច្ចុប្បន្ននេះ ក៏បានចាប់ផ្ដើមដើរតាមវិធីសាស្ដ្រនេះដូចគ្នា និងបានសរសេរបញ្ជាក់ប្រាប់ឱ្យដឹងមុន នៅលើវេបសាយផ្លូវការរបស់ខ្លួនតែម្ដង។ បន្តបន្ទាប់មក គេឃើញថា មានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានដើរតាមវិធីនេះ ដោយលើកហេតុផលថា អ្នកទិញមុនៗ សុទ្ធតែធ្លាប់មានឆ្នាំងសាកថ្ម រួចហើយ។
សម្រាប់ស្មាតហ្វូនតម្លៃខ្ទង់ 400ដុល្លារខាងលើ នឹងដាក់លក់នៅលើទីផ្សារក្នុងតំបន់អឺរ៉ុបមុនគេ។ សម្រាប់អ្នកដែលចង់បានយកទៅប្រើប្រាស់ ទាល់តែបញ្ជាទិញឆ្នាំងសាក ពីវេបសាយក្រៅ ក្នុងតម្លៃមានច្រើនជម្រើស។ រីឯលក្ខណសម្បត្តិរបស់វា មិនជាខ្លាំងណាស់ណាទេ តែក្រុមហ៊ុនបានផ្តោតលើតួនាទីកាមេរ៉ាថតរូបឱ្យបានល្អប្រសើរជាងមុន៕