ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការនៃប្រភេទរថយន្តប្រណីតទី4 របស់ក្រុមហ៊ុន Jaguar Land Rover គឺរថយន្ត Range Rover Velar ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេសរក្សាបាននូវទំហំមួយដ៏គួរឱ្យកត់សម្គាល់ គឺនៅក្នុងរង្វង់ប្រមាណ 800 លានដុល្លារអាមេរិកនៅក្នុងឆ្នាំ2016 កន្លងទៅ។
ឯកឧត្តមបានបន្តថា នៅក្នុងទំហំទឹកប្រាក់ប្រមាណ 800 លានដុល្លារអាមេរិកនេះ កម្ពុជាបាននាំចេញនូវផលិតផលប្រភេទកសិកម្ម និងវាយនភណ្ឌទៅកាន់ចក្រភពអង់គ្លេស នូវទឹកប្រាក់ប្រមាណ 767 លានដុល្លារ និងបាននាំចូលមកវិញនូវផលិតផលអេឡិចត្រូនិក និងមុខទំនិញផ្សេងទៀតក្នុងទំហំទឹកប្រាក់ប្រមាណ 35 លានដុល្លារ។
លើសពីនោះទៀត វត្តមានរបស់ប្រភេទរថយន្តប្រណីតថ្មីនេះក្នុងព្រះរាជាណាចក្រកម្ពុជា ជាសក្ខីភាពនៃការអភិវឌ្ឍរបស់កម្ពុជា និងការជឿទុកចិត្តពេញទំហឹងរបស់វិនិយោគិន និងពាណិជ្ជករទៅលើស្ថេរភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ ម្យ៉ាងវិញទៀត ការនាំចូលនូវរថយន្តថ្មីមួយនេះបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពសេដ្ឋកិច្ច និងជីវភាពដ៏ប្រសើររបស់ប្រជាជនកម្ពុជា ដែលទទួលបានក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ច គិតជាមធ្យម 7% ក្នុងមួយឆ្នាំ ក្នុងរយៈពេល 2 ទសវត្សរ៍ចុងក្រោយ៕