លោកយាយម្នាក់មានវ័យ 90ឆ្នាំ នៅទីក្រុងហុងកុង ត្រូវបានជនខិលខូច បន្លំខ្លួនជាប៉ូលិសចិនដីគោក បោកប្រាស់តាមទូរស័ព្ទយកប្រាក់អស់ចំនួន 32លានដុល្លារអាមេរិក។
ពលរដ្ឋវ័យចំណាស់នៅហុងកុង កំពុងក្លាយជាគោលដៅរបស់ក្រុមជនខិលខួច ដែលបោកប្រាស់តាមទូរស័ព្ទ ដោយពួកគេសំដៅលើក្រុមមនុស្សចាស់ដែលងាយរងគ្រោះ និងជាអ្នកមានទ្រព្យច្រើន ដែលអាចមានលទ្ធភាពវេរលុយ ឬធ្វើការវិនិយោគលើគម្រោងដែលមិនមានពិត។
មន្ត្រីប៉ូលិសហុងកុង កាលពីថ្ងៃទី20មេសា បានឱ្យដឹងថា កាលពីរដូវក្ដៅឆ្នាំទៅ (2020) ក្រុមជនខិលខូចបានទាក់ទងលោកយាយវ័យ90ឆ្នាំ ដែលរស់នៅក្នុងភូមិគ្រឹះ ក្នុងតំបន់ The Peak ជាទីប្រជុំជនលំដាប់ប្រណិតបំផុតប្រចាំក្រុងហុងកុង ដោយបន្លំជាមន្ត្រីប៉ូលិសរបស់ចិនដីគោក។ ក្រុមជនខិលខូចបាននិយាយថា អត្តសញ្ញាណរបស់លោកយាយខាងលើ ត្រូវបានប្រើប្រាស់នៅក្នុងរឿងក្ដីព្រហ្មទណ្ឌកម្រិតធ្ងន់មួយនៅឯចិនដីគោក ហើយបានស្នើឱ្យលោកយាយផ្ទេរប្រាក់ចូលទៅក្នុងគណនីធនាគាររបស់ «ក្រុមមន្ត្រីស៊ើបអង្កេត» ដើម្បីបញ្ជាក់។
ប៉ុន្មានថ្ងៃក្រោយមក មនុស្សម្នាក់បានមកផ្ទះលោកយាយខាងលើ ដោយយកទូរស័ព្ទ និងស៊ីមដែលប្រើសម្រាប់ទាក់ទងជាមួយក្រុមប៉ូលិសក្លែងក្លាយ។ ក្នុងរយៈពេលត្រឹមតែ 5ខែ ពួកគេបានបញ្ចុះបញ្ចូលឱ្យលោកយាយរូបនេះ វេរប្រាក់នៅធនាគារចំនួន 11លើក ជាមួយនឹងទឹកប្រាក់សរុបឡើងដល់ 250លានដុល្លារហុងកុង (32លានដុល្លារអាមេរិក)។ នេះគឺជាទឹកប្រាក់ដែលមានទំហំធំបំផុតដែលត្រូវបានបោកប្រាស់យកបានតាមរយៈទូរស័ព្ទ នៅកុងកុង។
ក្រោយពីមានស៊ើបអង្កេត ជនសង្ស័យម្នាក់ អាយុ19ឆ្នាំ ត្រូវបានចាប់ខ្លួន ព្រោះតែរឿងបោកប្រាស់ និងកំពុងត្រូវបានធានាឱ្យនៅក្រៅឃុំ។ សារព័ត៌មាន SCMP បានឱ្យដឹងថា ជនដែលត្រូវបានចាប់ខ្លួននោះគឺជាជនដែលបានទៅកាន់ផ្ទះរបស់ស្ត្រីរងគ្រោះ។
យោងតាមមន្ត្រីប៉ូលិសហុងកុង តួលេខនៃករណីបោកប្រាស់តាមទូរស័ព្ទ បានកើន 18% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ2021នេះ ក្នុងនោះ ទឹកប្រាក់ចំនួន 350លានដុល្លារហុងកុងត្រូវបានបោកយក នាទីក្រុងនេះ។ ឆ្នាំ2020 ប៉ូលិសបានចាត់ការលើសំណុំរឿងបោកប្រាស់តាមទូរស័ព្ទចំនួន 1,193ករណី ជាមួយនឹងទឹកប្រាក់ចំនួន 574លានដុល្លារហុងកុង។ កាលពីឆ្នាំទៅ ស្ត្រីវ័យ 65ឆ្នាំម្នាក់ ក៏ត្រូវបានគេបោកយកប្រាក់អស់ចំនួន 68.9លានដុល្លារហុងកុង ដោយជនខិលខូចបន្លំធ្វើជាប៉ូលិសចិនដីគោក ដូចទៅនឹងករណីស្ត្រីវ័យ90ឆ្នាំខាងលើនេះដែរ៕
ប្រភព៖ AFP
ប្រែសម្រួល៖ បុត្រា