នារីជប៉ុន មហាកំពូលអៃឌៀ ច្នៃម៉ូដកាបូបស្ពាយរូបឆ្មា ដូចមែនទែនបំផុត រហូតក្លាយជា Fashion ដ៏ល្បីល្បាញ អ្នកណាៗឃើញហើយ ត្រូវតែសួរ ព្រោះស្មានថា ស្ពាយឆ្មាពីក្រោយខ្នងមែនទែន!!
បើអ្នកណាបានឃើញរូបភាពនេះលើកដំបូង ប្រហែលជាមានអាការភ្ញាក់ផ្អើលមិនតិចទេ ព្រោះតែគិតថា ប្រហែលជាគេចាប់សត្វឆ្មា យកមកធ្វើជាកាបូបស្ពាយមែនទែនហើយ…តែបើសិនពិនិត្យមើលឱ្យច្បាស់ម្ដងទៀត ទើបដឹងថា អ្វីដែលយើងបានឃើញនោះ មិនមែនជាសត្វឆ្មាម៉េវៗ ដែលមានជីវិតនោះទេ តែគ្រាន់តែជាតុក្កតារូបសត្វឆ្មាប៉ុណ្ណោះ។
ក្លាយជារូបភាពដែលត្រូវបានគេចែករំលែកតៗគ្នាយ៉ាងច្រើន នៅពេលដែលគណនីធ្វីតធើរ @picopoco08 របស់ហាងលក់ផលិតផលធ្វើដោយដៃនៅក្នុងប្រទេសជប៉ុន ដែលបានផូស្តរូបភាពកាបូបស្ពាយរូបសត្វឆ្មាម៉េវៗ អមដោយឃែបស្សិនថា “ថ្ងៃនេះធាតុអាកាសល្អមែនទែន ធ្វើឱ្យបានចេញមកថតរូបនៅក្រៅផ្ទះម្ដង…មានអតិថិជនចង់បានច្រើនណាស់ កុម្ម៉ង់ទាំងអស់ហ្នឹងតែម្ដង បន្តិចទៀតនឹងបញ្ជូនទៅដល់ដៃអតិថិជនហើយ!”
រូបភាពទាំងនោះ ក្រៅពីធ្វើឱ្យអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើលហើយ នៅឆក់យកបេះដូងអ្នកដែលបានឃើញរូបភាពទាំងនោះទៀតផង ព្រោះស្នាដៃផលិតចេញមក ដូចសត្វឆ្មាមែនទែនពិតៗតែម្ដង… ដោយកាបូបស្ពាយរូបសត្វឆ្មានេះ ជាស្នាដៃរបស់សិល្បការិនីជនជាតិជប៉ុនម្នាក់ ដែលស្រឡាញ់ចូលចិត្តសត្វឆ្មា ស្មើនឹងជីវិតរបស់នាង ធ្វើឱ្យនាងអាចប្រមូលព័ត៌មានលម្អិតពាក់ព័ន្ធនឹងសត្វឆ្មា និងផលិតចេញមក ដូចសត្វឆ្មាមែនទែនពិតៗតែម្ដង មិនថាតែរូបរាង កែវភ្នែក ពុកមាត់ រោម រួមទាំងឥរិយាបថផ្សេងៗរបស់វាទៀតផង ហើយកាបូបស្ពាយរូបសត្វឆ្មានេះ ត្រូវបានដាក់លក់ក្នុងតម្លៃ 1ប្រមាណជាជាង 1,000ដុល្លារឯណោះ។
បន្ទាប់ពីផូស្តរូបភាពទាំងនោះចេញទៅ ធ្វើឱ្យមានអ្នកចូលមកកុម្ម៉ង់ទិញផលិតផលនេះយ៉ាងច្រើន រហូតដល់ធ្វើឱ្យខាងអ្នកផលិត ត្រូវបិទឈប់ទទួលការកុម្ម៉ង់ជាបណ្ដោះអាសន្នសិន និងបើសិនជាមានការបើកទទួលការកុម្ម៉ង់ទិញជាថ្មីនោះ នឹងជូនដំណឹងនៅពេលក្រោយទៀត។ ក្រៅពីផលិតផលរូបសត្វឆ្មាហើយ អ្នកផលិត ថែមទាំងមានផលិតរូបតុក្កតាសត្វដូចមែនទែនផ្សេងៗទៀតផង។
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ អ្នកគ្រូ ឆវី