ព័ត៌មានដ៏កក្រើកមួយ បានលេចឡើងកាលពីយប់មិញ ដោយសារក្លិបធំទាំង12 នៅអឺរ៉ុប បានយល់ព្រមចូលរួមលេងពានរង្វាន់ European Super League ហៅកាត់ ESL។
អង់គ្លេសជាប្រទេស ដែលមានក្លិបចូលរួមច្រើនជាងគេដល់ទៅ 6ក្រុម មានដូចជា Arsenal, Chelsea, Liverpool, Manchester City, Manchester United និង Spurs។ ចំណែកអេស្ប៉ាញមាន 3ក្រុម គឺ Real Madrid, Barcelona និង Atletico Madrid ខណៈដែលអ៊ីតាលីវិញ ក៏មាន 3ក្រុមដែរ ដូចជា AC Milan, Inter Milan និង Juventus ឯខាងលីគរបស់បារាំង និងអាល្លឺម៉ង់ មិនទាន់មានក្រុមណា ប្រកាសចូលរួមនៅឡើយទេ។
ESL ត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ ដោយមានក្លិបធំៗចំនួន12 ចូលរួម។ ក្រោយការប្រកួតនេះបានបង្កើតឡើង ខាង UEFA និង FIFA មិនពេញចិត្តឡើយ និងបានប្រកាសថា នឹងដាក់សម្ពាធចំពោះក្លិបណា ដែលចូលរួមក្នុងការប្រកួតពានមួយនេះ ហើយមិនត្រឹមតែក្លិបនោះទេ សូម្បីតែកីឡាករ និងគ្រូបង្វឹកក៏នឹងរងពិន័យដូចគ្នា បើសិនពួកគេនៅតែចចេសចូលរួមការប្រកួតខាងលើ៕