ភ្នំពេញៈ ស្របពេលអាជីវកម្មនៅកម្ពុជាភាគច្រើនជាអាជីវកម្មធ្វើឡើងតាមគ្នានោះបានធ្វើឲ្យអ្នកជំនាញមានការព្រួយបារម្ភ និងចាត់ទុកថាការធ្វើអាជីវកម្មបែបនេះនឹងធ្វើឲ្យបាត់ប្រសិទ្ធភាពសេដ្ឋកិច្ច។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី28 សីហានេះថា ការធ្វើអាជីវកម្មនៅកម្ពុជាភាគច្រើនធ្វើតាមគ្នា ដោយសារសហគ្រិននានាខ្វះគំនិតច្នៃប្រឌិត ហើយមិនផ្តោតលើគុណភាព និងសេវាកម្មនោះឡើយ ពួកគេផ្តោតលើតម្លៃជាជាងគុណភាព និងសេវាកម្មដែលធ្វើឲ្យពួកគេឈឺចាប់ទាំងអស់គ្នា។ លោកបន្តថា ពេលដំណើរការបាន6ខែ ទៅ1ឆ្នាំ ពួកគេមើលឃើញភាពរើបឡើងនៃអាជីវកម្មរបស់ពួកគេ ប៉ុន្តែដៃគូប្រកួតប្រជែងថ្មីបានមកដល់ដោយសារពួកគេធ្វើតាមគ្នា។
លោកបន្តថា “ពេលនិយាយពីការខិតខំ រដ្ឋាភិបាលបានលើកទឹកចិត្តសហគ្រិនថ្មីៗច្រើន ប៉ុន្តែរដ្ឋាភិបាលគួរបង្កើតវិទ្យាស្ថានស្រាវជ្រាវមួយដើម្បីរិះរកគំនិតអាជីវកម្មថ្មី។ លោកបន្តថា “បើទោះបីជាកម្មវិធីសិក្សានៅតាមមហាវិទ្យាល័យមួយចំនួនបានបញ្ចូលភាពជាសហគ្រិនក្តី តែវាមិនមានលក្ខណៈស៊ីជម្រៅនោះឡើយ ហើយវាជាគំនិតរបស់គេ។
លោក ង៉ែត ជូ បានបន្តថា ការធ្វើអាជីវកម្មថ្មីៗក៏ជាការបង្កើតនូវពិពិធកម្មសេដ្ឋកិច្ចផងដែរ ហើយធ្វើឲ្យអាជីវកម្មប្រាសចាកហានិភ័យ ផ្ទុយទៅវិញការធ្វើអាជីវកម្មតាមគ្នាធ្វើឲ្យបាត់ប្រសិទ្ធភាពសេដ្ឋកិច្ចផងដែរ។ ឧទាហរណ៍ក្នុងភូមិមួយមានប្រជាជន200គ្រួសារកាលពី5ឆ្នាំមុន ហើយមានស្ថាប័នមីក្រូហិរញ្ញវត្ថុ5ទៅ6ស្ថាប័នប៉ុណ្ណោះ ប៉ុន្តែ5ឆ្នាំក្រោយ ចំនួនប្រជាជនឡើងដល់250គ្រួសារតែស្ថាប័នមីក្រូហិរញ្ញវត្ថុនៅភូមិដដែលនោះបានកើនឡើងពី40ទៅ50ស្ថាប័ន វាប្រៀបដូចមាននំតូចមួយហើយចែកគ្នាហូបច្រើននាក់ សួរថាតើអ្នកហូបទទួលបានចំណែកប៉ុន្មាន?។
អគ្គនាយកក្រុមហ៊ុន VTRUST GROUP លោក គុយ វ៉ាត បានថ្លែងឲ្យដឹងផងដែរថា ការធ្វើអាជីវកម្មតាមគ្នាមិនមាននិរន្តរភាពនោះទេ ប៉ុន្តែនិន្នាការនេះបានកើតមាននៅកម្ពុជាជាយូរមកហើយធ្វើឲ្យម្ចាស់អាជីវកម្មដែលធ្វើតាមគេ និងគ្មានជំនាញបទពិសោធច្បាស់លាស់ទាំងនោះប្រឈមមុខនឹងការបរាជ័យ។លោកបន្តថា ឧទាហរណ៍នៅទីក្រុងភ្នំពេញមានហាងកាហ្វេច្រើនដែលជាការធ្វើតាមគ្នាពីមួយទៅមួយ ប៉ុន្តែហាងកាហ្វេមួយចំនួនក៏បានបិទទ្វារដោយសារការធ្វើតាមគ្នានេះដែរ។
លោកបន្តថា ជាក់ស្តែងយើងអាចក្រឡេកមើលភោជនីយដ្ឋាននៅតាមផ្លូវជាតិលេខ6A ពេលសម្ពោធស្ពានជ្រោយចង្វារដំបូងៗមានភោជនីយដ្ឋានរាប់រយនៅតំបន់នោះ ប៉ុន្តែពេលនេះមានភោជនីយដ្ឋានប៉ុន្មានដែលនៅសល់?៕