«អាជីវករក្នុងផ្សារបឹងកេងកង នៅរាជធានីភ្នំពេញ ត្រូវបានស្នើឱ្យដាក់ស្លាកតម្លៃលើមុខទំនិញរបស់ខ្លួន ចៀសវាងជនឆ្លៀតឱកាសកេងយកផលចំណេញ» នេះបើតាមសម្ដីរបស់ប្រធានផ្សារ។
លោក ឯក និមល ប្រធានផ្សារបឹងកេងកង ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី19 ខែមេសា ឆ្នាំ2021នេះ បានឱ្យដឹងថា តម្លៃទំនិញទាំងអស់ តម្រូវឱ្យបងប្អូនអាជីវករគ្រប់តូប និងស្តង់ ដាក់ស្លាកតម្លៃរបស់ខ្លួន ក្នុងបំណងចៀសវាងជនឆ្លៀតឱកាស អាចកេងយកចំណេញលើតម្លៃទំនិញនៅក្នុងផ្សារនេះ។
ជាងនេះ គណៈកម្មការផ្សារខាងលើ ក៏បានដាក់កម្លាំងសន្តិសុខនៅតាមច្រកទ្វារចេញចូលផ្សារ ដើម្បីសាកសួរ ឬត្រួតពិនិត្យលើតម្លៃទំនិញ ដែលអតិថិជនបានមកទិញពីក្នុងផ្សារផងដែរ។
ទាក់ទងនឹងបញ្ហា Covid-19 ក្រុមអ្នកគ្រប់គ្រងផ្សារក៏រឹតបន្តឹងលើកិច្ចការបង្ការវីរុសនេះ ក្នុងនោះមានដូចជា ការកំណត់ឱ្យពាក់ម៉ាសការពារ ការស្គែនកំដៅ ការបាញ់ទឹកអាល់កុល និងការស្គែន QR code នៅតាមច្រកចេញចូលដើម្បីតាមដានដំណើររបស់អតិថិជន។ សម្រាប់ការទិញទំនិញវិញ តូបមួយអាចទទួលអតិថិជនម្ដងបានតែពីរនាក់ប៉ុណ្ណោះ លើសពីនេះគឺត្រូវរក្សាគម្លាតឱ្យឆ្ងាយពីគ្នា។ ចំណែកបរិវេណផ្សារនេះក៏នឹងត្រូវបានបាញ់ថ្នាំសម្លាប់មេរោគជារៀងរាល់ល្ងាច បន្ទាប់ពីអាជីវករបានចាកចេញទៅផ្ទះ៕
ប្រភព៖ វិទ្យាជាតិកម្ពុជា
ដកស្រង់៖ បុត្រា