Red Picture ជាផលិតកម្មដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងការផលិតរឿងជាច្រើន ដូចជារឿង «ភូមិអត់មនុស្ស» «ទង់ព្រលឹង» និង «ផ្ទះសសរកណ្ដាល» ជាដើម។ បច្ចុប្បន្នផលិតកម្មមួយនេះបានពង្រីកសក្ដានុពលកាន់តែខ្លាំងបន្ថែមទៀត តាមរយៈការសហការជាមួយ CTN , KONGCHAK Picture W&H Investment Holding Co.,Ltd,Black magic design។
ក្នុងឱកាសសន្និសីទកាសែតស្ដីពីកិច្ចសហប្រតិបត្ដិការរវាង Red Picture និងស្ថាប័នទាំង4 ត្រូវបានលោក ឌៀប សុវណ្ណរ៉ា ចាងហ្វាងលិតកម្ម Red Picture លើកឡើងថា ក្នុងកិច្ចសហប្រតិបត្ដិការនេះផលិតកម្មលោកគ្រោងនឹងផលិតរឿងភាគឱ្យស្ថានីយទូរទស្សន៍ CTN ចំនួន 4រឿងក្នុងមួយឆ្នាំ ដូច្នេះផលិតកម្មរបស់លោកត្រូវការតារាសម្ដែងជាច្រើន។ ម្យ៉ាងទៀត ក្រៅពីខ្សែភាពយន្ដភាគឱ្យស្ថានីយទូរទស្សន៍ CTN ហើយនោះ Red ក៏ផលិតខ្សែភាពយន្ដដុំខ្នាតធំផងដែរ។
លោកបន្ដថា ជំហានដំបូងក្នុងការផលិតភាពយន្ដភាគ Red Picture បានសម្លឹងឃើញតារានៅក្នុងចិត្ដដើម្បីយកមកធ្វើជាតួឯករួចហើយ គឺទី1 អ្នកនាងសារ៉ាយ សក្ខណា ទី2 DJ អាណូ។លោកអះអាងថា អ្នកទាំងពីរសុទ្ធតែជាតារាសម្ដែងមានបទពិសោធ និងមានសមត្ថភាពដែលលោកគិតថា ស័ក្កិសមទៅនឹងសាច់រឿងដែលលោកគ្រោងនឹងផលិតនាពេលខាងមុខ។
ទោះជាយ៉ាងណាលោក ឌៀប សុវណ្ណារ៉ា បានបញ្ជាក់ថា ពាក់ព័ន្ធជាមួយនឹង DJ អាណូយើងគ្រាន់តែបានបង្ហើបដំណឹងនេះទៅដល់គាត់ប៉ុណ្នោះ ប៉ុន្ដែកិច្ចការលម្អិតយើងត្រូវជជែកគ្នាបន្ថែមទៀតដើម្បីឈានទៅដល់ការធ្វើកុងត្រាតែម្ដង។
ដោយឡែកអ្នកនាង សារ៉ាយ សក្ខណា ទើបត្រឡប់មកពីអាមេរិកបានបញ្ជាក់ថា នាងមកស្រុកកំណើតក្នុងគោលបំណង2 ទីមួយមកលេងក្រុមគ្រួសារ ទីពីរមកធ្វើការងារដោយនាងបានទទួលការងារពីផលិតកម្ម Red Picture។ នាងបន្ដថា នាងមិនទាន់ដឹងថា នឹងចេញថតនៅពេលណានោះទេ ប៉ុន្ដែនាងអះអាងថា ក្នុងរឿងថ្មីរបស់CTN នាងទទួលបានតំណែងជាតួស្រីហើយ៕