«មូលបត្របច្ចេកវិទ្យាបានឡើងថ្លៃ ជួយឱ្យ Larry Page និង Sergey Brin មានឈ្មោះនៅក្នុងក្រុមមហាសេដ្ឋីដែលមានទ្រព្យលើសពី 100ពាន់លានដុល្លារអាមេរិក» នេះបើតាម Bloomberg Billionaires Index។
Larry Page បច្ចុប្បន្នមានទ្រព្យចំនួន 104ពាន់លានដុល្លារ ខណៈដែល Sergey Brin មាន 100ពាន់លានដុល្លារ។ ចាប់ពីដើមឆ្នាំមកនេះ ពួកគេម្នាក់ៗរកបានជាង 20ពាន់លានដុល្លារឯណោះ។
មូលបត្រអាមេរិក នៅក្នុងការជួញដូរកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបង្កើតកំណត់ត្រាថ្មី ដោយសារតែក្រុមអ្នកវិនិយោគជឿជាក់លើល្បឿននៃការងើបឡើងរបស់សេដ្ឋកិច្ច។ សន្ទស្សន៍ Nasdaq 100 បានកើនជាង 7% ក្នុងឆ្នាំនេះ។ មូលបត្រ Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google ក៏បានកើនឡើងពេញពីរសប្ដាហ៍កន្លងទៅ បន្ទាប់ពីដណ្ដើមបានជ័យជំនះក្នុងរឿងក្ដីនៅតុលាការ ទាក់ទងនឹងបញ្ហាកម្មសិទ្ធិបញ្ហា។
សមាជិកនៃក្លឹបមហាសេដ្ឋីដែលមានទ្រព្យសែនលានដុល្លារអាមេរិករបស់ពិភពលោក បច្ចុប្បន្នមានចំនួន 8រូប ដែលស្ទើរតែទាំងអស់សុទ្ធតែជាមហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក។ ក្រុមនេះកាន់កាប់ទ្រព្យជាង 1លានលាន (1,000,000,000,000) ដុល្លារអាមេរិក និងរកបាន 110ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងឆ្នាំនេះ។
ឆ្នាំ2017 Jeff Bezos ដែលជាស្ថាបនិករបស់ Amazon គឺជាបុគ្គលដំបូងគេដែលមានទ្រព្យចំនួន 100ពាន់លានដុល្លារ រាប់ចាប់ពីពេលដែលទ្រព្យរបស់ Bill Gates បានឡើងដល់ចំណុចកំពូលនេះកាលពីឆ្នាំ1999។ ទ្រព្យសម្បត្តិរបស់ហសស្ថាបនិកនៃក្រុមហ៊ុន Microsoft នេះ បានធ្លាក់ចុះបន្ទាប់ពីយុគសម័យ dotcom ប៉ុន្តែក៏បានងើបឡើងដល់ចំណុច 100ពាន់លានដុល្លារកាលពីឆ្នាំ2019។ លោក Elon Musk ដែលជា CEO របស់ Tesla និងលោក Mark Zuckerberg ជាសហស្ថាបនិករបស់ Facebook បានក្លាយជាសមាជិកនៃក្លឹបមហាសេដ្ឋីសែនលានដុល្លារនេះជាបន្តបន្ទាប់កាលពីឆ្នាំ2020 នៅពេលវិស័យបច្ចេកវិទ្យារីកចម្រើនខ្លាំងក្នុងសម័យCovid-19។
កំពូលអ្នកវិនិយោគ Warren Buffett បច្ចុប្បន្នក៏មានទ្រព្យចំនួន 101ពាន់លានដុល្លារអាមេរិក។ អ្នកជំនួញក្នុងវិស័យសម្លៀកបំពាក់ លោក Bernard Arnault ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន LVMH ក៏មានឈ្មោះនៅក្នុងក្លឹបខាងលើ ដោយមានទ្រព្យសរុប 132ពាន់លានដុល្លារអាមេរិក៕
ប្រភព៖ Bloomberg
ប្រែសម្រួល៖ បុត្រា