ដើម្បីធានាដល់ភាពសុក្រឹតក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការតាមដានការអនុវត្ត និងនីតិវិធីតាំងពីដើមរហូតមកដល់ដំណាក់កាលកែវិញ្ញាសា និងអាចបន្តរហូតដល់ការប្រកាសលទ្ធផល នៅថ្ងៃទី12 ខែកញ្ញា សម្រាប់មណ្ឌលនៅភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី13 ខែកញ្ញា សម្រាប់មណ្ឌលប្រឡងនៅតាមខេត្ត។
នៅក្នុងដំណើរការនៃការឱ្យពិន្ទុសិស្សប្រឡងបាក់ឌុបនៅឆ្នាំនេះ ជាទូទៅមានស្ថានភាពប្រសើរ និងតឹងតែង ព្រោះក្រសួងបានឃ្លាំមើល និងតាមដាន ការកែដោយសហការជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ រួមជាមួយភាគីពាក់ព័ន្ធជាច្រើនទៀត។
ជាក់ស្តែង ឯកឧត្តម ហង់ ជួនណារ៉ុន ក៏បានចុះទៅពិនិត្យដោយផ្ទាល់នៅតាមមណ្ឌលកំណែនានា ដែលថ្ងៃទី27 ម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានចុះទៅពិនិត្យការធ្វើកំណែនៅមណ្ឌលកំណែជាស៊ីមបឹងកេងកង សម្រាប់កំណែមុខវិជ្ជាភូមិវិទ្យាជាដើម។ ស្របពេលជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយក៏បានដាក់អ្នកសង្កេតការណ៍សកម្មភាព នៃដំណើរការកំណែសន្លឹកកិច្ចការបេក្ខជន ដោយពួកគាត់បានប្រើប្រាស់កាមេរ៉ាសុវត្ថិភាពដើម្បីឃ្លាំមើល និងអាចថតទុកជាភស្តុតាងសម្រាប់ភាពមិនប្រក្រតីនានាផងដែរ៕