ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi បានបង្ហោះសារផ្លូវការ នៅលើគណនី Twitter របស់ខ្លួន ដើម្បីបញ្ជាក់ដំណឹងនៃការឈានជើងចូលឧស្សាហកម្មផលិតយានយន្ត ដែលក្រុមហ៊ុនដាក់ឈ្មោះឱ្យថា យានយន្តអគ្គិសនីដ៏ឆ្លាតវៃ- Xiaomi Smart Electric Vehicles។
មុននឹងឈានដល់ការប្រកាសបែបនេះ កាលពីឆ្នាំ2018 ក្រុមហ៊ុនធ្លាប់បានសហការជាមួយនឹងសម្ព័ន្ធ FAW Group ផលិតរថយន្តក្នុងស្រុក អំឡុងពេលក្រុមហ៊ុន Bestune ប្រកាសចេញម៉ូដែល T77 Redmi SUV ក្នុងនោះកិច្ចព្រមព្រៀងរវាងរបស់ Xiaomi និង Bestune គឺផលិត Software តែប៉ុណ្ណោះ មានឈ្មោះថា Xiao AI។
រឹតតែច្បាស់ជាងនេះទៀតនោះ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ក្នុងទំហំ 1.5ប៊ីលានដុល្លារអាមេរិកឯណោះ ដើម្បីប្រជែងនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដែលកំពុងល្បីក្នុងស្រុក ដូចជា BYD និង Nio ជាដើម។
តែ ព័ត៌មានលម្អិតបន្ថែម អំពីចង្វាក់ផលិតកម្មផ្ទាល់ផ្តាច់មុខរបស់ Xiaomi ក៏ដូចជា លក្ខណៈបច្ចេកទេស និងតម្លៃ នៅមិនទាន់បង្ហាញចេញជារូបរាងក្នុងឆ្នាំនេះនៅឡើយទេ ដូច្នេះសូមរង់ចាំតាមភាគបន្ត៕