កាលពីពេលថ្មីៗនេះ របាយការណ៍ប្រាក់ចំណេញរបស់ក្រុមហ៊ុនលក់ស្មាតហ្វូនធំៗ ត្រូវបានគេបញ្ចេញឱ្យដឹងថា នៅត្រឹមត្រីមាសទី1 នៃឆ្នាំ2021 (3ខែដំបូង) ក្រុមហ៊ុនទាំងនោះមានចំនួនលក់ កើនឡើងគួរឱ្យកត់សម្គាល់។
បើមើលលើតួលេខ ក្រុមហ៊ុន Samsung ទទួលបានជោគជ័យខ្លាំង បន្ទាប់ពីប្រកាសចេញម៉ូដែលកំពូល ខ្សែស្រឡាយ Galaxy S21 Series ។ ការលក់ចេញស្មាតហ្វូន សរុបរបស់ក្រុមហ៊ុននេះ បានកើនឡើង 17.48% ក្នុងនោះប្រាក់ចំណេញកើនឡើង 44.19% តួលេខនេះកើនខ្ពស់មែន បើធៀបពីត្រីមាសទី1 ឆ្នាំ2020 ដែលកាលនោះ ក្រុមហ៊ុនចេញលក់ S20 Series មិនសូវជាជោគជ័យប៉ុន្មានឡើយ។
ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង ដែលឈានមុខគេមួយនេះ ទទួលបានប្រាក់ចំណូលប្រមាណជា 8.3ប៊ីលានដុល្លារ គិតសរុបផលិតផលទាំងអស់ដែលខ្លួនមានដូចជា ទូរទស្សន៍, អេក្រង់ស្មាតហ្វូន ជាដើម។
ទោះបីជាមានការរីករាលដាលនៃវីរុសកូវីដ-19 កាលពីចុងឆ្នាំ2020 ក៏ដោយ តែ Samsung នៅតែមានយុទ្ធសាស្ត្រ ក្នុងការចេញស្មាតហ្វូន កាលពីដើមឆ្នាំ2021 ដោយដណ្ដើមបានចំណែកទីផ្សារ និងប្រាក់ចំណេញយ៉ាងច្រើនសម្បើម ដូចបានរៀបរាប់ខាងលើស្រាប់៕