Skip to content

Liverpool លត់ Arsenal ចាស់ដៃ ខណៈ Morata ជួយ​ឲ្យ Chelsea ផ្តួល Everton

ខ្សែប្រយុទ្ធ Roberto Firmino, Sadio Mane និង Mohamed Salah របស់​ក្រុម​ហង្ស​ក្រហម Liverpool បាន​ហែក​ក្រុម Arsenal ជាចម្រៀកៗ ខណៈដែល​ក្រុម​របស់លោក Arsene Wenger បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស​ក្នុង​លទ្ធផល 4-០ នៅ​កីឡដ្ឋាន Anfield កាលពី​ថ្ងៃអាទិត្យ។

តារា​ឆ្នើម​ទាំង3សុទ្ធសឹង​បាន​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​ដើម្បី​ធ្វើ​ឲ្យ​ក្រុម Arsenal រង​បរាជ័យ​ជា​លើក​ទី2ជាប់ៗគ្នា​ក្រោយពី​ចាញ់​ក្រុម Stoke ក្នុង​លទ្ធផល 1-០ ខណៈដែល​ការ​ចាញ់​ទាំង​ពីរលើក​នេះ​បានធ្វើ​ឲ្យ​ពួកគេ​ដេញតាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ Manchester United ចំនួន6ពិន្ទុ​នៅលើ​តារាង​ក្របខ័ណ្ឌ Premier League ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ16។ ក្រុម Liverpool បាន​ឡើងទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ2 ដោយ​ដេញតាម​ពីក្រោយ​ក្រុម Man United ចំនួន2ពិន្ទុ និង​នាំមុខ1ពិន្ទុ​ពីលើ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Chelsea ដែលមាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី2ក្នុង​លទ្ធផល 2-០ លើ​ក្រុម Everton។ លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Liverpool បាន​ឲ្យ​ដឹងថា៖ «យើង​ពិតជា​មានការ​រៀបចំ​បានល្អ។ ប្រសិនបើ​យើង​ផ្តល់​ពេលវេលា និង​ឱកាស​ឲ្យ​ក្រុម Arsrenal អ្នកនឹង​ចាញ់ នៅ​មុនពេល​ការប្រកួត​នេះ​ចាប់ផ្តើម ហេតុនេះ ខ្ញុំ​គិតថា ពួកគេ​មិនអាច​ធ្វើ​អ្វី​បាន​ច្រើន​តាម​ដែល​ពួកគេ​ចង់​ឡើយ។ កីឡាករ​ពិតជា​លេង​បានល្អ​មែន ពីព្រោះ​ពួកគេ​ពិតជា​ព្យាយាម​ណាស់»។ ដោយឡែក លោក Wenger បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «ប្រសិនបើ​មនុស្ស​មួយចំនួន​មាន​អារម្មណ៍​ថា ខ្ញុំ​គឺជា​បញ្ហា នោះ​ខ្ញុំ​ពិតជា​សុំទោស​ដែល​ខ្ញុំ​គឺជា​បញ្ហា។ ប៉ុន្តែ យើង​ចង់​ឲ្យ​អ្នកគាំទ្រ​របស់​យើង​ស្ថិតនៅ​ជាមួយនឹង​យើង​ក្នុងពេល​បាត់បង់​ទម្រង់​លេង​បែបនេះ»។

ស្របពេល​ជាមួយគ្នានេះ Tottenham Hotspurs កំពុងតែ​ដេញតាម​ពីក្រោយ​ក្រុម​កំពូល​តារាង​ចំនួន5ពិន្ទុ ក្រោយពី​ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 ជាមួយនឹង​ក្រុម Burnley៕

ប្រភពពី៖ Sport24

Leave a Reply

Your email address will not be published. Required fields are marked *