កីឡាករប្រដាល់ Floyd Mayweather បានផ្តួលតារាប្រយុទ្ធក្នុងក្បាច់គុនចម្រុះ Conor McGregor សញ្ជាតិអៀរឡង់ ឲ្យសន្លប់ដោយបច្ចេកទេសនៅទឹកទី10 ក្នុងការប្រកួតដែលផ្តល់តម្លៃខ្លួនដ៏ខ្ពស់កាលពីថ្ងៃសៅរ៍ (ត្រូវនឹងព្រឹកថ្ងៃអាទិត្យនៅកម្ពុជា) ដើម្បីរក្សាកំណត់ត្រាឈ្នះយ៉ាងល្អឥតខ្ចោះរបស់គេ។
Mayweather ដែលបានចាកចេញពីការចូលនិវត្តន៍រយៈពេល2ឆ្នាំរបស់គេក្នុងវ័យ40ឆ្នាំសម្រាប់ការប្រកួតនេះ បានធ្វើឲ្យកំណត់ត្រាឈ្នះរបស់គេកើនដល់50លើក មិនដែលចាញ់ដើម្បីឡើងទៅឈរពីលើអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក Rocky Marciano ដែលមានកំណត់ត្រាឈ្នះ49លើក មិនដែលចាញ់ ឬស្មើ។ McGregor ដែលជាម្ចាស់ខ្សែក្រវាត់ក្នុងយុទ្ធគុនចម្រុះ (MMA) និងបានធ្វើការបង្ហាញខ្លួនក្នុងការប្រកួតប្រដាល់អាជីពជាលើកទី1របស់គេនោះ មិនបានបង្កើតឲ្យមានការភ្ញាក់ផ្អើលដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រនៃកីឡាប្រយុទ្ធឡើយ ប៉ុន្តែបានធ្វើឲ្យការប្រកួតនេះបញ្ចប់ក្នុងលទ្ធផលដែលលើសពីការព្យាកររបស់អ្នកជំនាញភាគច្រើន។ ការប្រកួតនេះ បានបញ្ចប់នៅពេលដែល McGregor បានរងនូវការវាយឲ្យថយទៅជាប់នឹងខ្សែរេញ2លើក និងត្រូវបាន Mayweather វាយចំគោលដៅយ៉ាងល្អចំនួន2ដៃ។
McGregor បានចាប់ផ្តើមយ៉ាងល្អក្នុងការប្រកួតនេះ តាមរយៈការចាប់ផ្តើមវាយសម្រុកទៅលើដៃគូភ្លាមៗ ប៉ុន្តែ ចាប់ពីទឹកទី4ឡើងទៅ Mayweather បានធ្វើការគ្រប់គ្រងលើដៃគូរបស់ខ្លួនទាំងស្រុង។ ក្រោយពីការប្រកួតដ៏កក្រើកនេះ កីឡាករមិនស្គាល់ចាញ់របស់អាមេរិករូបនេះបានបញ្ជាក់ថា រូបគេនឹងមិនបង្ហាញខ្លួននៅលើសង្វៀនប្រកួតម្តងទៀតឡើយ ខណៈដែលរូបគេនឹងធ្វើដំណើរឆ្ពោះទៅកាន់ការចូលនិវត្តន៍ជាអចិន្ត្រៃយ៍។ Mayweather បានបញ្ជាក់ថា៖ «ពិតណាស់ នេះគឺជារាត្រីនៃការប្រកួតចុងក្រោយរបស់ខ្ញុំហើយ។ រាត្រីនេះ គឺជាការប្រកួតចុងក្រោយរបស់ខ្ញុំ។ នៅរាត្រីនេះ ខ្ញុំបានជ្រើសរើសយកដៃគូរាំដ៏ត្រឹមត្រូវដើម្បីរាំជាមួយហើយ។ Conor គឺជាម្ចាស់ជើងឯកដ៏ខ្លាំងម្នាក់»។
កីឡាករអាមេរិករូបនេះ ក៏នឹងត្រូវទទួលបានប្រាក់តម្លៃខ្លួនប្រមាណជា200លានដុល្លារអាមេរិកផងដែរ ដើម្បីធ្វើឲ្យចំណូលសរុបក្នុងអាជីពរបស់គេមានចំនួន1ពាន់លានដុល្លារអាមេរិក។ ស្របពេលជាមួយគ្នានេះ McGregor ដែលជាតារាប្រដាល់ក្បាច់គុនចម្រុះក្នុងស្ថាប័ន Ultimate Fighting Championship នោះត្រូវបានរំពឹងទុកថា ទទួលបានតម្លៃខ្លួន100លានដុល្លារអាមេរិក៕
ប្រភពពី៖ ESPN